ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះល្បាត ពួនស្នាក់តាមភូមិសាស្រ្តស្មុគស្មាញនានាដើម្បីបង្ក្រាបរាល់សកម្មភាពក្មេងទំនើងដែលតែងតែអុកឡុក បង្កអសន្តិសុខ។ នៅពេលចុះល្បាតនោះក៏ស្រាប់តែប្រទះឃើញយុវជនមួយក្រុមមានគ្នា៥នាក់អង្គុយប្រមូលផ្តុំគ្នា ហើយពេលសមត្ថកិច្ចចូលទៅឆែកឆេរក៏ឃើញមានដាវ១ដើម រួចក៏ឃាត់ខ្លួនយុវជនទាំងនោះយកទៅសួរនាំ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងសាន់ស្កាយ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាឲ្យកម្លាំងតាមប៉ុស្ថិ៍នីមួយៗសហការគ្នាដើម្បីចុះល្បាតតាមភូមិសាស្រ្តនានានៅក្នុងរាជធានីភ្នំពេញ និងចូលរួមទប់ស្កាត់រាល់ក្មេងទំនើងដែលតែងបង្កឲ្យមានភាពរញេ៉រញៃ៉ និងបង្កឲ្យមានការភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិ។ ពេលសមត្ថកិច្ចល្បាតមកដល់ចំណុចក្នុងភូមិព្រៃព្រីងខាងជើង ក៏ស្រាប់តែប្រទះឃើញ មានយុវជនមួយក្រុមបានមកអង្គុយប្រមូលផ្តុំគ្នា។ ក្រោយពេលសមត្ថកិច្ចធ្វេីការសួរនាំឆែកឆេរក៏ប្រទះឃើញដាវមួយដើមជាប់នៅលើខ្លួនរបស់យុវជនមួយក្រុមនោះ។
សមត្ថកិច្ចបានដកហូតម៉ូតូ៣គ្រឿង គឺទី១ ម៉ាកហុងឌ្រីមស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AB-0854 ។ ម៉ូតូទី២ ម៉ាកស៊ុសុីគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HZ-2811 ។
ម៉ូតូទី៣ ម៉ាក YAMAHA .MX KING ពាក់ស្លាកលេខភ្នំពេញ1LB-1396 ។
បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ខ្លួនវាយខ្នោះដៃឡេីងលើរថយន្តបញ្ជូនទៅសួរនាំនៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ សុខាសែនជ័យ