ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ថ្នាំចាក់បង្ការការឆ្លងមេរោគអេដស៍ឈ្មោះCabotegravir មិនមែនជាវ៉ាក់សាំងទេ។
ក្រសួងសុខាភិបាល នឹងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (Pre-Exposure Prophylaxis = ថ្នាំព្រឹព) ជាប្រភេទថ្នាំចាក់ឈ្មោះ Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះដែលមានប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ រួមមាន៖ ក្រុមស្រ្តីបម្រើសេវាកម្សាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកប្លែងភេទ ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ ។ ល។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។ សូមបញ្ជាក់ថា មកដល់ពេលនេះ ពិភពលោកយេីងមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍នៅឡើយទេ៕
ដោយ៖ តារា