ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ខ្លួនបានក្រុមម៉ា​ហ្វីយ៉ា២នាក់ទៀត​ដែលពាក់ព័ន្ធ​ចូល​រួម​រំដោះ​អ្នក​ទោស ​​ជនជាតិ​ចិន​ម្នាក់​​ជា​មេ​ខ្លោង​ជួញដូរ​គ្រឿង​ញៀន​ដ៏​ធំ​ និង​ជា​ទណ្ឌិត​ជាប់​គុក​សរុប​៥២​ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចតាមប្រមាញ់ឈានដល់ តាមចាប់ឃាត់ខ្លួនបានក្រុមម៉ា​ហ្វីយ៉ា២នាក់ទៀត​ដែលពាក់ព័ន្ធ​ចូល​រួម​រំដោះ​អ្នក​ទោស ​​ជនជាតិ​ចិន​ម្នាក់​​ជា​មេ​ខ្លោង​ជួញដូរ​គ្រឿង​ញៀន​ដ៏​ធំ​ និង​ជា​ទណ្ឌិត​ជាប់​គុក​សរុប​៥២​ឆ្នាំ ។  

សូមបញ្ជាក់ថា : ពេលនេះសមត្ថកិច្ចបាន​​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​​ឈាន​ដល់​ឃាត់ខ្លួន​​ជនរួមដៃ​ជា​បន្តបន្ទាប់រហូត​ដល់​ចំនួន​១៣​នាក់ ។

ពាក់ព័ន្ធករណីបង្ក្រាបក្រុមឧក្រិដ្ឋជនឆ្លងដែន រំដោះមេខ្លោងគ្រឿងញៀន ទាំងក្រសួងមហាផ្ទៃ ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរដល់សមត្ថកិច្ច ដែលបានប្រឹងប្រែង ឈានដល់ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបាន ជាបន្តបន្ទាប់ ។ 

លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា : សូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងក្នុងការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀននៅខេត្តសៀមរាប ។ 

លោកបណ្ឌិតមានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងសាទរចំពោះប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសដែលជាមេខ្លោងគ្រឿងញៀន នៅខេត្តសៀមរាប ពីសំណាក់អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រហូតឈានដល់ចាប់ខ្លួនឧក្រិដ្ឋជនបានជាបន្តបន្ទាប់ រួមទាំងអ្នកទោសដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញបានដែរ។

ជោគជ័យនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងល្អពីសំណាក់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមិនគិតពីពេលវេលា ការនឿយហត់ និងគ្រោះថ្នាក់ជាយថាហេតុ។

ជាមួយគ្នានេះខ្ញុំក៏សូមលើកទឹកចិត្តដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តបេសកកម្មស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដែលនៅសេសសល់ ក៏ដូចជាឧក្រិដ្ឋជនក្នុងបទល្មើសផ្សេងៗទៀត មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ប្រកបដោយភាពសុខសាន្ត។

ដោយឡែកប្រមុខរាជរដ្ឋាភិបាល លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា : សូមកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ដែលជាមេខ្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣ កន្លងទៅ នៅក្នុងខេត្តសៀមរាប ។ ជាលទ្ធផល ទាំងក្រុមឧក្រិដ្ឋជន និងទាំងពិរុទ្ធជនគ្រឿងញៀន ដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ នាថ្ងៃទី២៣ សីហា ២០២៣ នេះ ។

លោកបណ្ឌិតលើកឡើងថា : ជោគជ័យនៃបេសកកម្មដ៏មានសារៈសំខាន់នេះ គឺជាការអនុវត្តភារកិច្ច និងការចូលរួមចំណែកធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា “កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ”៕

ដោយ ៖ សិលា


ចែករំលែក៖