ខេត្តស្វាយរៀង៖ លោកសៅ សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានមានប្រសាសន៏ថា សំឡេងគាំទ្រគណបក្សប្រជាជនយ៉ាងច្រើនលើសលប់បញ្ជាក់យ៉ាងច្បាស់ថាប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជនស្រឡាញ់សន្តិភាពនិងស្រឡាញ់ការអភិវឌ្ឍ។
ការមានប្រសាសន៏បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ក្នុងពិធីសំណេះសំណាលថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាចំនួន២ឃុំមាន ឃុំអង្គប្រស្រែនិងឃុំអណ្ដូងពោធិ៍ស្ថិតក្នុងស្រុករមាសហែក ដោយមានអ្នកចូលរួម សរុប១.៣៦៨នាក់ស្រី៦០៣នាក់។
លោកសៅ សុខា បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជា សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងដល់បងប្អូនប្រជាពលរដ្ឋសមាជិកសមាជិការបក្សដែលបានចូលរួមទាំង២ឃុំផងដែរ។
លោកសៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិការបក្សនៅឃុំអង្គប្រស្រែនិងឃុំអណ្ដូងពោធ៏ ដែលបានទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលកន្លងមកនេះ ធ្វើឱ្យសម្លេងគាំទ្រគណបក្សប្រជាជនឈ្នះ លើសលប់ និងបានបន្តដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិទី៧ សម្រាប់អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។
លោក សៅ សុខា បានបន្ថែមថា នៅ ស្រុករមាសហែក មានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឲ្យសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាយើង ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក៏ដូចជា នៅទូទាំងខេត្តស្វាយរៀង ទាំងមូលផងដែរ ហើយក៏សូមឱ្យសមាជិកសមាជិការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិបន្តទៀតពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីដែលមាន លោកកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ លោកសៅ សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសមាជិកសមាជិការបក្សទាំងអាជ្ញាធរមូលដ្ឋានកងកម្លាំងមានសមត្ថកិច្ចចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចពិសេសត្រូវរួមគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀនមិនអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត ៕
ដោយ៖ សុថាន