ព័ត៌មានទាន់ហេតុការណ៍៖

ជ័យជម្នះសម្រាប់ចិននិងរុស្ស៊ី បន្ទាប់ពីការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់BRICS

ចែករំលែក៖

ការពង្រីកBRICS នឹងអនុញ្ញាតឱ្យចិនបន្តសង្ឃឹមក្នុងការកសាងសណ្តាប់ធ្នាប់ថ្មីមួយ ហើយជាឱកាសដ៏ធំសម្រាប់រុស្ស៊ីក្នុងគ្រានៃភាពឯកោនេះ។
ប្លុក BRICS បានយល់ព្រមបន្ថែមសមាជិកថ្មីចំនួន ៦ កិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញនិងធ្វើឱ្យមានតុល្យភាពរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។ អំណាចសេដ្ឋកិច្ចនិងនយោបាយរបស់ BRICS នឹងត្រូវបានពង្រឹងបន្ទាប់ពីប្រទេសចំនួន៦រួមមានប្រទេសអុីរ៉ង់ អារ៉ាប៊ីសាអូ៊ឌីត អេហ្ស៊ីប អេត្យូពី អាហ្សង់ទីន និងអារ៉ាប់រួម (UAE) ក្លាយជាសមាជិកពេញសិទ្ធិនៅខែមករា ឆ្នាំ2024។
នេះគឺជាការពង្រីកលើកដំបូងរបស់ប្លុកនេះចាប់តាំងពីឆ្នាំ 2010 នៅពេលដែលអាហ្វ្រិកខាងត្បូងត្រូវបានបន្ថែមជាមួយនឹងសមាជិកដើមចំនួន 4 គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។
ការពង្រីកនេះត្រូវបានប្រកាសនៅព្រឹកថ្ងៃទី 24 ខែសីហា ខណៈដែលកិច្ចប្រជុំកំពូល BRICS បានបញ្ចប់នៅទីក្រុង Johannesburg ។ នោះមានន័យថា BRICS នឹងតំណាងឱ្យ 47 ភាគរយនៃចំនួនប្រជាជនពិភពលោក និង 36 ភាគរយនៃសេដ្ឋកិច្ចពិភពលោក នេះបើយោងតាមប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva ។
ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ
មេដឹកនាំ BRICS បានប្រុងប្រយ័ត្នក្នុងការទទូចថា ប្លុកនេះមិនមែនជាអង្គការប្រឆាំងលោកខាងលិចនោះទេ។ ប៉ុន្តែវាគឺជាទណ្ឌកម្មរបស់លោកខាងលិច ដែលបានកំណត់គោលដៅលើទីក្រុងមូស្គូ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនកាលពី 18 ខែមុន ដែលបានបង្រួបបង្រួមសមាជិកនៃប្លុកនេះ។
មេដឹកនាំ BRICS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “យើងសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់វិធានការបង្ខិតបង្ខំឯកតោភាគីដែលមិនសមស្របនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានផលប៉ះពាល់អវិជ្ជមាន ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍” ។
សមាជិក BRICS ក៏ត្រូវបានរួបរួមដោយបំណងប្រាថ្នាដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារក្នុងពាណិជ្ជកម្មសកល ទោះបីជាពួកគេកំពុងពិចារណាពីរបៀបធ្វើវាក៏ដោយ។
មេដឹកនាំ BRICS បានយល់ព្រមស្នើឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលរបស់ពួកគេសិក្សាលើបញ្ហានេះ ដែលនៅទីបំផុតអាចនាំឱ្យមានការប្រើប្រាស់រូបិយប័ណ្ណរួម BRICS សម្រាប់ពាណិជ្ជកម្មផ្ទៃក្នុង។
BRICS ដែលចិនជាសេដ្ឋកិច្ចឈានមុខគេ កំពុងលេចចេញជាគូប្រជែងដ៏សំខាន់ចំពោះក្រុម ដែលដឹកនាំដោយលោកខាងលិច (G7)។ ខណៈពេលដែល G7 នឹងបន្តរក្សាចំណែកដ៏ធំនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក BRICS បន្ទាប់ពីការពង្រីកនឹងដំណើរការលើសពី G7 យ៉ាងខ្លាំងនៅពេលដែលសេដ្ឋកិច្ចត្រូវបានវាស់វែងលើមូលដ្ឋាន GDP ស្មើគ្នា។
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយបន្ទាប់ពីការប្រកាសថា “ការសម្រេចចិត្តពង្រីកសមាជិកភាពនេះគឺជាប្រវត្តិសាស្ត្រ” ។ “វាបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេស BRICS ក្នុងការរួបរួម និងសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍កាន់តែទូលំទូលាយ”។
លោក Xi គឺជាអ្នកគាំទ្រយ៉ាងខ្នះខ្នែងចំពោះការចូលជាសមាជិកថ្មី ដោយលើកឡើងថា ការពង្រីក BRICS គឺជាមធ្យោបាយមួយសម្រាប់អឌ្ឍគោលខាងត្បូង ដើម្បីមានសំឡេងកាន់តែខ្លាំងក្នុងកិច្ចការពិភពលោក។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយថា នេះគឺជាឧទាហរណ៍មួយសម្រាប់ស្ថាប័នពិភពលោកផ្សេងទៀតដែលបានបង្កើតឡើងក្នុងសតវត្សទី 20 ដែលលែងប្រើហើយ។ លោក Modi បាននិយាយថា “ការពង្រីក និងទំនើបកម្មនៃ BRICS គឺជាសារមួយដែលស្ថាប័នទាំងអស់នៅក្នុងពិភពលោកត្រូវកែសម្រួលខ្លួនពួកគេទៅនឹងពេលវេលាផ្លាស់ប្តូរ” ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយតាមអុីនធើណេតទៅកាន់សន្និសីទនោះ បានថ្លែងអំណរគុណចំពោះ “ការទូតពិសេស” របស់ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ដោយកត់សម្គាល់ថា កិច្ចពិភាក្សាមានលើគ្រប់បញ្ហា រួមទាំងការពង្រីក BRICS គឺជា “ការងារដ៏លំបាក”៕ ដោយ៖ ធីរីណា

រូប​ថត​៖ Getty Images


ចែករំលែក៖