ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិកោះប្រជុំពិភាក្សាពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

ចែករំលែក៖

នៅថ្ងៃទី២៥ ខែសីហា ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ មន្ត្រីកូរ៉េខាងជើងបានបញ្ជាក់ថា ការបាញ់ផ្កាយរណបស៊ើបការណ៍ទី២ កាលពីថ្ងៃទី២៤ខែសីហា មិនប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសណាមួយនោះឡើយ ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក) បានចោទប្រកាន់ចិននិងរុស្ស៉ី ពីការរាំងខ្ទប់ការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ក្នុងនោះរួមមានការប៉ុនប៉ងដោយទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដើម្បីយកផ្កាយរណបស៊ើបការណ៍មួយទៅដាក់នៅគន្លងតារាវិថី។
នៅអំឡុងកិច្ចប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចំនួន១៣នៃសមាជិកទាំង១៥របស់ក្រុមប្រឹក្សាសន្តិសុខ លើកលែងតែចិននិងរុស្ស៉ីចេញ បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបជាលើកទី២ របស់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល៣ខែ ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគ។
លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ដូច្នេះថា «បញ្ហានេះគួរតែជាបញ្ហាដែលយើងទាំងអស់គួរតែឯកភាពគ្នា…ប៉ុន្តែចាប់តាំងពីដើមឆ្នាំ២០២២មក ក្រុមប្រឹក្សានេះបានបរាជ័យក្នុងការធ្វើឱ្យប្រសើរឡើងនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដោយសារតែការជំទាស់របស់រុស្ស៉ី និងចិន»។ លោកស្រីបន្ថែមថា «ការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើងកាន់តែកើនឡើង រីឯរុស្ស៉ីនិងចិនមិនបានធ្វើឱ្យប្រសើរឡើងនូវការទទួលខុសត្រូវរបស់ពួកគេ ដើម្បីការពារសន្តិភាពនិងសន្តិសុខអន្តរជាតិនោះឡើយ»។
កាលពីខែឧសភា ឆ្នាំ២០២២ចិននិងរុស្ស៉ីបានបោះឆ្នោតវេតូលើដំណោះស្រាយមួយដែលមានគោលដៅដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយចាប់តាំងពីពេលនោះមកដែរ មិនមានដំណោះស្រាយឬក៏សេចក្ដីថ្លែងការណ៍រួមណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីកូរ៉េខាងជើងត្រូវបានអនុម័តនោះទេ។ ចិននិងរុស្ស៉ីជារឿយៗបានអះអាងថា ការដាក់ទណ្ឌកម្មមិនមែនជាដំណោះស្រាយឡើយ ហើយមានតែធ្វើឱ្យសា្ថនការណ៍ កាន់តែតានតឹងឡើងតែប៉ុណ្ណោះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖