ព័ត៌មានទាន់ហេតុការណ៍៖

សុខភាពលោក ថាក់ស៊ីន កំពុងតែព្រួយបារម្ភ គាត់បន្តសម្រាកនៅមន្ទីរពេទ្យ

ចែករំលែក៖

ស្ថានភាពសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនបានប្រសើរឡើងទេ ចាប់តាំងពីគាត់បានទៅមន្ទីរពេទ្យទូទៅដើម្បីព្យាបាល។
កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្តីលោកឧត្តមសេនីយ៍ទោ Sophonrat Singhajaru វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យទូទៅប៉ូលិសកាលពីថ្ងៃទី 25 ខែសីហាថា លទ្ធផលនៃការពិនិត្យអេកូ និងសួតបានបង្ហាញថា ស្ថានភាពបេះដូង និងសួតរបស់លោក ថាក់ស៊ីន នៅតែគួរឱ្យព្រួយបារម្ភ។ «លោកថាក់ស៊ីន ក្អក… ហើយបើតាមការពិនិត្យកាំរស្មីអុិច គ្រូពេទ្យជំនាញបេះដូងនិងសួតនៅតែព្រួយបារម្ភ»។
មហាសេដ្ឋីនិងជាអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាយុ៧៤ឆ្នាំ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយឈឺទ្រូងនិងលើសឈាមនៅយប់ដំបូងរបស់គាត់នៅក្នុងពន្ធនាគារ។
លោក ថាក់ស៊ីន បានវិលត្រឡប់មកប្រទេសវិញនៅថ្ងៃទី ២២ ខែសីហា បន្ទាប់ពីនិរទេសខ្លួននៅបរទេសអស់រយៈពេលជាច្រើនឆ្នាំ។ លោកត្រូវបានចាប់ខ្លួននិងកាត់ទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំពីបទទំនាស់ផលប្រយោជន៍ និងការរំលោភអំណាច។ នៅថ្ងៃទី២៣ ខែសីហា លោកត្រូវបានបញ្ជូនពីមន្ទីរឃុំឃាំងក្រុងបាងកកទៅកាន់មន្ទីរពេទ្យទូទៅ។
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន បច្ចុប្បន្នស្ថិតនៅក្នុងអង្គភាពថែទាំកម្រិតមធ្យម (IMCU) នៅជាន់ទី 14 នៃអគារ Maha Bhumibol Rachanusorn ។ ឧត្តមសេនីយ៍Sophonrat Singhajaru បាននិយាយថា លោកថាក់ស៊ីននៅតែអាចទំនាក់ទំនងបាន។ វេជ្ជបណ្ឌិតរូបនេះបាននិយាយថា វាមិនអាចនិយាយបានថា តើលោកថាក់ស៊ីននឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលប៉ុន្មានឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖