ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា ការប្រកបអាជីវកម្មដោយសុចរិត ស្មោះត្រង់ និងស្មើភាព គឺជាកត្តាសំខាន់សម្រាប់ទាញយកទំនុកចិត្តពីអ្នកប្រើប្រាស់និងគេចផុតពីទោសទណ្ឌ។
មន្រ្តីជំនាញផ្នែកប្រេងឥន្ធនៈ បានឱ្យដឹងទៀតថា ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ បានខិតខំបន្តពង្រឹងការអនុវត្តច្បាប់ទៅលើធុរជនណាដែលពុំអនុវត្តតាមបទប្បញ្ញត្តិ កេងបន្លំពីអតិថិជន ប្រកួតប្រជែងដោយមិនស្មើភាព និងសកម្មភាពធុរកិច្ចផ្សេងៗដែលមិនអនុលោមភាពតាមច្បាប់ដែលមានចែងជាធរមាន។
ជាក់ស្ដែងថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០២៣នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តសៀមរាប និងរាជធានីភ្នំពេញបានអនុវត្តកិច្ចត្រួតពិនិត្យលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៩ទីតាំង ក៏ប៉ុន្តែស្ថានីយ និងដេប៉ូទាំងនោះ គឺពិតជាបានអនុវត្តតាមច្បាប់បានល្អប្រសើរ ពោលគឺមានអនុលោមភាព១០០ភាគរយ ដែលនេះជាគំរូល្អសម្រាប់ធុរជនផ្សេងទៀតក្នុងការអនុវត្តតាម។
ជាចុងក្រោយមន្រ្តីជំនាញក៏បានធ្វើការណែនាំ និងពន្យល់បន្ថែមជូនដល់ធុរជនឱ្យបានយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិផ្សេងទៀតដែលអគ្គនាយកដ្ឋាន ក.ប.ប. ដែលបាននិងកំពុងអនុវត្តដែលមានដូចជា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ព្រមទាំងបទដ្ឋានផ្សេងទៀតផងដែរ។
ជាមួយគ្នានោះ មន្រ្តីជំនាញនៃក្រុមការងារចំពោះកិច្ចបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋាន ក.ប.ប. បានខិតខំបន្តស្វែងរក ស្រាវជ្រាវ និងស៊ើបអង្កេតលើបទល្មើសក្លែងបន្លំ និងរំលោភសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុនស្របច្បាប់ក្នុងប្រទេសកម្ពុជាស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ សកម្មភាពស្រាវជ្រាវនេះមន្រ្តីជំនាញបានរកឃើញផលិតផលមួយចំនួនដែលមិនមានអនុលោមភាពតាមបទប្បញ្ញតិ្ត ជាមួយនឹងការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
សមត្ថកិច្ចជំនាញ ក៏បានធ្វើការសំណូមពរដល់ធុរកិច្ចជនគ្រប់ប្រភេទសូមចូលរួមអនុវត្តច្បាប់ដោយប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវតាមច្បាប់ និងប្រកួតប្រកួតប្រជែងដោយស្មើភាពតម្លាភាព ជៀសវាងទទួលរងការពិន័យតាមច្បាប់ដែលមានចែង៕
ដោយ៖សហការី