ព័ត៌មានទាន់ហេតុការណ៍៖

លោកសៅ សុខា អំពាវនាវដល់សមាជិកសមាជិកាបក្សទាំងអាជ្ញាធរមូលដ្ឋានចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនិងជំរុញដល់បងប្អូនប្រជាពលរដ្ឋធ្វើកសិកម្មបង្កបង្កើនផលដាំដំណាំនិងបន្លែចិញ្ចឹមសត្វ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសៅ សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសមាជិកសមាជិកាបក្សទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ពិសេសត្រូវរួមគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀនមិនអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាតនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាព្រមទាំងបញ្ហាល្បែងស៊ីសងនិងជំរុញដល់បងប្អូនប្រជាពលរដ្ឋធ្វើកសិកម្មបង្កបង្កើនផលដាំដំណាំនិងបន្លែចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពបានធូរធារមួយកម្រិត។

    ការអំពាវនាវបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០២៣ក្នុងពិធីចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាចំនួន២ឃុំមានឃុំត្រស់និងឃុំអណ្ដូងត្របែក ដែលមានសមាជិកចូលរួមសរុបចំនួន១៤៤៥នាក់ នៅស្រុករមាសហែក។

    លោក សៅ សុខា បានផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជា សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអនអនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងជូនដល់បងប្អូនប្រជាពលរដ្ឋសមាជិកសមាជិកាបក្សដែលបានចូលរួមទាំង២ឃុំផងដែរ។

    លោកបានបន្ថែមថា សំឡេងគាំទ្រគណបក្សប្រជាជនយ៉ាងច្រើនលើសលប់បញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជន ស្រឡាញ់សន្តិភាពនិងស្រឡាញ់ការអភិវឌ្ឍនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិកាបក្សនៅឃុំទាំង២ខាងលើនេះក៏ដូចជាទូទាំងស្រុករមាសហែក ដែលបានទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលកន្លងមកនេះ ធ្វើឱ្យសំឡេងគាំទ្រគណបក្សប្រជាជនឈ្នះ លើសលប់ និងបានបន្តដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិទី៧ សម្រាប់ការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។

    លោក សៅ សុខា បានបន្ថែមថា នៅ ស្រុករមាសហែកមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឱ្យសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាយើងទទួលបានជោគជ័យដ៏ត្រចះត្រចង់ក៏ដូចជានៅទូទាំងខេត្តស្វាយរៀងទាំងមូលផងដែរ  ហើយក៏សូមឱ្យសមាជិកសមាជិកាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិបន្តទៀត ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីដែលមានលោកកិតិ្តទេសាភិបាលបណ្ឌិត  ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

    ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នេះគឹជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

    លោកបន្ថែមថា  មានតែគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេសនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ជីវភាពរស់នៅ ប្រចាំថ្ងៃផងដែរ។

   ក្នុងឱកាសនោះដែរ លោកក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវបម្រើសេវា សាធារណៈដល់បងប្អូនប្រជាពលរដ្ឋអោយបានឆាប់រហ័សទាន់ពេលវេលានិងមិនត្រូវកោសរូសយកថវិកាពីពលរដ្ឋណាម្នាក់ឡើយ។

    សូមបញ្ជាក់ថា សមាជិកដែលបានចូលរួមក្នុងឃុំត្រស់មានចំនួ៧១០នាក់និងឃុំអណ្ដូងត្របែកមានចំនួន៧៣៥នាក់សរុបចំនួន១៤៤៥នាក់ផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖