ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់លោកតាចំណាស់ម្នាក់បានស្លាប់និងរបួសធ្ងន់ម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុករំដួលនិងស្រុកស្វាយជ្រំក្នុងយប់តែមួយ។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុង ភូមិពោន ឃុំសង្កែ ស្រុករំដួល មានឈ្មោះ ចាន់ ស្រីណុច ភេទស្រី អាយុ ១៩ ឆ្នាំ រស់នៅ ភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង បានជិះម៉ូតូធ្លាក់ជង្ហុកបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត ១១៥.១១៦មានបុរសម្នាក់ មានឈ្មោះ ព្រាប សាត ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀងខណៈកំពុងជិះកង់ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នពីលិចទៅទិសខាងកើត ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណបានបើករថយន្តបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ សុថាន