ភ្នំពេញ ៖ ហាង BACK STREET BAR,ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កសំលេង រំខានយ៉ាងកងរំពងជារៀងរាល់យប់ដូចជា ច្រៀងរាំ ចាក់ភ្លេង ហ៊ោ កញ្ជ្រៀវ ខ្លាំងៗ លាន់លឺ ដល់ម៉ោងជិត៥ព្រឹក ដែលធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការរស់នៅ ទទួលបានដំណេក និងបានសម្រេចចិត្តដាក់ពាក្យប្តឹងទៅអាជ្ញាធរ គឺលោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែចំណាត់ការពីអាជ្ញាធរ ជាមួយម្ចាស់ហាង ហាក់មិនទាន់មានការ ផ្តល់តាមសំណូមពរ ជូនប្រជាពលរដ្ឋនៅឡើយ។
នៅក្នុងពាក្យបណ្តឹង ដែលប្រជាពលរដ្ឋដាក់ទៅលោកអភិបាលខណ្ឌចំការមន ហើយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា : យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញហាង BACK STREET BAR, ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សុំប្តឹងម្ចាស់ហាង BACK STREET, BAR ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៤បេ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីការបង្កជាសំលេងរំខានដល់ប្រជាពលរដ្ឋ។
ពួកគាត់បានបញ្ជាក់ថា : យើងខ្ញុំ សូមជម្រាបជូន លោកអភិបាលខណ្ឌចំការមនមេត្តាជ្រាបថា៖ ហាងឈ្មោះ BACK STREET BAR មានទីតាំងស្ថិតនៅផ្ទះលេខ ១៤បេ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ បានបង្កជាការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានបង្កជាសំលេង រំខានយ៉ាងកងរំពងជារៀងរាល់យប់ដូចជា ច្រៀងរាំ ចាក់ភ្លេង ហ៊ោ កញ្ជ្រៀវ ខ្លាំងៗ លាន់លឺបែបអនាធិបតេយ្យមាន យប់ខ្លះរហូតដល់ម៉ោង ៤ ម៉ោង៥ ទាបភ្លឺទៀតផង។ បើទោះបីយើងខ្ញុំប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមេភូមិ បានប្រាប់ រឿយៗ ទៅម្ចាស់ហាងឈ្មោះ BACK STREET BAR ដើម្បីកុំឲ្យបង្កការរំខានយ៉ាងណ ក៏ដោយ ក៏ម្ចាស់ហាង ឈ្មោះ BACK STREET BAR នៅតែផ្គើនដដែល។
ហេតុនេះ បានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាននេះ មានការមិនពេញចិត្ត យ៉ាងខ្លាំង ចំពោះហាងឈ្មោះ BACK STREET BAR ដែលមិនព្រមគោរពសិទ្ធិអ្នកជិតខាង ដោយការបង្កជាសំលេងរំខានបែប នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសម្រាករៀងរាល់យប់របស់យើងខ្ញុំ ដែលជាប្រជាពលរដ្ឋរស់នៅជុំវិញ តំបន់នោះ និង សំណូមពរ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ទៅលើ ម្ចាស់ហាង BACK STREET BAR ដើម្បីបញ្ឈប់ ការបង្កជាសំលេងរំខានតទៅទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអភិបាលខណ្ឌចំការមនមេត្តាពិនិត្យ និង សម្រេចតាមការស្នើសុំខាងលើដោយក្តីអនុគ្រោះ។
សូម លោកអភិបាលខណ្ឌចំការមនទទួលនូវការគោរពរាប់អានអំពីយើងខ្ញុំ។
សូមបញ្ជាក់ថា : បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ អាជ្ញាធរ និងម្ចាស់ហាង ព្រមទាំងប្រជាពលរដ្ឋ បានចូលរួមដើម្បីធ្វើការដោះស្រាយ ប៉ុន្តែលទ្ធផល ខាងម្ចាស់ហាង ហាក់ដូចជាពុំមានឆន្ទៈក្នុងការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងសំណូមពររបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធក្នុងករណីនេះ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា : ពិតជាមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋមែន ខ្ញុំក៏បានធ្វើការសម្របសម្រួល ឱ្យម្ចាស់ហាង ត្រូវរៀបចំយ៉ាងណា កុំបំពងសំឡេងខ្លាំង ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។ លោកបានបន្តថា , ម្ដុំហ្នឹង ! មានបារច្រើន , ដូច្នេះហើយបង្ករសំឡេងប៉ះពាល់ដល់ប្រជាពលរដ្ឋ ខ្ញុំក៏បានធ្វើការណែនាំ ឱ្យធ្វើអាជីវកម្ម យ៉ាងយូរបំផុតត្រឹមម៉ោង ១១:០០នាទី យប់ ។ ចំពោះមុខ ខ្ញុំត្រូវឱ្យខាងជំនាញផ្នែកទេសចរណ៍ និងបរិស្ថាន ពិនិត្យមើលផ្នែកបច្ចេកទេស កម្រិតនៃផលប៉ះពាល់ ដើម្បីឲ្យការប្រកបអាជីវកម្មឲ្យបានស្របច្បាប់ មិនរំខានដល់ប្រជាពលរដ្ឋ ។
លោកអភិបាលបានបញ្ជាក់ថា : ខ្ញុំក៏សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរង ការរំខានពីក្លឹបទាំងនោះ អាចទំនាក់ទំនងទូរសព្ទមកខ្ញុំផ្ទាល់ គឺខ្ញុំត្រូវតែដឹកនាំកម្លាំងអាជ្ញាធរ ចុះទៅពីទឹកជាក់ស្ដែង ជូនប្រជាពលរដ្ឋ ៕
ដោយ ៖ សុខ ខេមរា