ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្ម

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធក្នុងករណីឃាតកម្ម ( យកកាំបិតផ្គាក់កាប់មនុស្សបណ្ដាលឱ្យស្លាប់ ម្នាក់និងរបួសម្នាក់) ។

ការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១២៖៣០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នៅចំណុចភ្នំទឹកចេញស្ថិតក្នុងភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។  

ការចុះឃាត់ខ្លួនជនសង្ស័យនេះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។ 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យបានធ្វើសកម្មភាពនៅវេលាម៉ោង០៩៖០៥នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នៅចំណុចភូមិឃុំខាងលើ។

បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍តាមទូរស័ព្ទថា មានករណីឃាតកម្មកម្លាំងជំនាញនៅអធិការដ្ឋាននគរបាលស្រុកកូនមុំបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ និងបានហៅជនសង្ស័យមកសួរនាំហើយធ្វើការឃាត់ខ្លួនដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ញឹម សាវឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតនៅភូមិ១ ឃុំត្រពាំងច្រេស  ស្រុកកូនមុំ ខេត្តរតនគិរី។

រីឯជនរងគ្រោះទី១.ឈ្មោះពេជ្រ ម៉ូលី ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ ) ។

ទី២. ឈ្មោះ សាន់ ប៊ីស៊ី ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី(ត្រូវជាកូន រងរបួសចំដៃខាងឆ្វេង )។

សម្ភារដកហូតបានរួមមាន៖

-កាំបិតផ្គាក់ចំនួន១ប្រវែង60cm ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនពិតជាបានកាប់ជនរងគ្រោះបណ្ដាលឱ្យស្លាប់ពិតប្រាកដមែន។ 

ជនសង្ស័យបានឆ្លើយរៀបរាប់ថា នៅវេលាម៉ោង ៧៖០០នាទីថ្ងៃទី២៧ខែសីហាឆ្នាំ២០២៣ខ្លួនបានចេញពីផ្ទះមានគ្នាចំនួន ៤នាក់ត្រូវជាកូនរបស់ខ្លួន។ ក្នុងគោលបំណងទៅកាប់និងកាត់មែកចន្ទីពេលទៅដល់កន្លែងកើតហេតុ ខ្លួននិងកូនបានកាប់និងកាត់ចន្ទីធម្មតា។

រហូតដល់ម៉ោងប្រហែលជា ៨៖៣០នាទីខ្លួនបានខលទូរស័ព្ទទៅប្រាប់ប្រពន្ធខ្លួនថា មានគេបាញ់ថ្នាំស្មៅកន្លែងដីរបស់យើងដាំសណ្ដែកងាប់អស់ហើយ។

មួយសន្ទុះក្រោយមកខ្លួននិងប្រពន្ធក៏ដើរទៅមើលហើយក៏បានថតកន្លែងនោះ រួចក៏ដើរមកវិញ។ ពេលនោះខ្លួនបានស្រែកសួរទៅជនរងគ្រោះឈ្មោះ ម៉ូលី ថា ម៉េចបានបាញ់ថ្នាំសណ្ដែកសៀងខ្ញុំចោលអ៊ីចឹង? ម៉េចក៏មិនចាំឱ្យច្បាប់ដោះស្រាយសិន?  ហើយជនរងគ្រោះបាននិយាយថាអ្ហែងខ្លាំង ហ្អែងមកនេះមក! ហើយខ្លួនក៏បានដើរទៅ ដោយបានកាន់កាំបិតរបស់ខ្លួនទៅជាមួយផងដែរ។

ពេលទៅដល់ព្រំដីរបស់ខ្លួននិងព្រំដីរបស់ជនរងគ្រោះ ខ្លួនបាននិយាយថា ដីនេះខ្ញុំធ្វើបាន២ទៅ៣ឆ្នាំមកហើយ ពេលនោះជនរងគ្រោះថាអាចុយម្រ៉ាយឯងហ្នឹងខ្លាំងណាស់! រួចក៏កូនរបស់ជនរងគ្រោះមកច្រានខ្លួនចេញ ហើយក៏យកដែកតាសេះមករកកាប់ខ្លួន តែជនរងគ្រោះជាឪពុកក៏បានចាប់យកទៅទុក។ បន្ទាប់មកជនរងគ្រោះក៏យកដែកតាសេះនោះកាប់មកលើខ្លួនតែខ្លួនគេចចេញផុតមិនចំទេខ្លួនក៏បានកាប់មួយកាំបិតទៅវិញចំដៃឆ្វេងរបស់ជនរងគ្រោះជាឪពុក ហើយកូនរបស់ជនរងគ្រោះបានលោតមករកវាយខ្លួនទៀត ហើយខ្លួនក៏បានកាប់ទៅលើកូនរបស់ជនរងគ្រោះមួយកាំបិតទៀតចំដៃឆ្វេង។ បន្ទាប់មកជនរងគ្រោះជាកូនក៏បានរត់គេចចេញទៅបាត់ទៅ ហើយជនរងគ្រោះត្រូវជាឪពុកក៏បានដើរចេញពីខ្លួនប្រហែលចម្ងាយ១០ ម៉ែត្រ។ ជនរងគ្រោះបាននិយាយថា អ្ហែងអត់រួចខ្លួនទេ ធ្វើអញប៉ុណ្ណឹងហើយ។ ពេលនោះខ្លួនទ្រាំមិនបានក៏រត់ទៅកាប់មួយកាំបិតទៀតតែមិនចំទេ ជនរងគ្រោះបានគេចផុត ហើយខ្លួនក៏កាប់ថែមមួយកាំបិតទៀតចំជនរងគ្រោះកន្លែងកខាងក្រោយហើយជនរងគ្រោះក៏បានដួលផ្កាប់មុខទៅនឹងដីស្លាប់តែម្តង។

ជនរងគ្រោះបានបញ្ជាក់ថា ពីមុនខ្លួននិងជនរងគ្រោះធ្លាប់មានវិវាទរឿងព្រំដីជាមួយគ្នាផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖