ខេត្តបន្ទាយមានជ័យ៖ សំណង់អនាធិបតេយ្យដែលពលរដ្ឋសាងសាង់រំលោភលើដីចំណីផ្លូវក៏ដូចជាលក់ដូរតាមម៉ូតូកង់បី ចតរថយន្ត-ម៉ូតូដែលដាក់តាំងជួលនៅតាមទីសាធារណៈផ្សេងៗតាមផ្លូវបេតុងក៏ដូចផ្លូវជាតិត្រូវបានអភិបាលក្រុងប៉ោយប៉ែត លោកគាត ហ៊ុល ចេញសេចក្ដីជូនដំណឹងម្ដងហើយម្ដងទៀតដើម្បីឱ្យពលរដ្ឋចូលរួមសហការរុះរើសំណង់អនាធិបតេយ្យផ្សេងៗចេញពីចំណីផ្លូវសាធារណៈទូទាំងក្រុងប៉ោយប៉ែត។ ដោយគិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលក្រុងនឹងមានវិធានការដោយមិនលើកលែងឡើយ។ ព្រោះកន្លងមករដ្ឋបាលក្រុងបានចុះវាស់វែងធ្វើកំណត់ហេតុនិងកំណត់គោលដៅឱ្យរុះរើដោយស្ម័គ្រចិត្ត។ ចំពោះការខូចខាតបាត់បង់ ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករដែលបានសាងសង់សំណង់ សំយាប លើកស្លាកយីហោ និងលក់ដូរលើចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត ពីព្រោះរយៈកាលកន្លងមកនេះ ពោលគឺកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលក្រុងបានជូនដំណឹងឱ្យរុះរើដោយស្ម័គ្រចិត្តម្តងរួចទៅហើយ ប៉ុន្តែមិនចូលរួមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងទេ ពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ដែលមានសំណង់រំលោភកាន់កាប់ចូលចំណីផ្លូវសាធារណៈ ដោយមានការសាងសង់សំយាប តាំងលក់ទំនិញ រទេះលក់អាហារ កង់បី ស្លាកយីហោ និងការចតយានយន្តគ្រប់ប្រភេទ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ បាត់បង់នូវសោភណភាព និងរបៀបរៀបរយក្នុងក្រុង ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ប្រទេស ព្រោះក្រុងប៉ោយប៉ែតជាក្រុងមួយដែលមានសក្តានុពលសេដ្ឋកិច្ច និងមានភ្ញៀវជាតិ អន្តរជាតិចេញចូលជាប្រចាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយនាពេលខាងមុខនេះ រដ្ឋបាលក្រុងនឹងរៀបចំផ្លូវថ្មើរជើងមួយសងខាងផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិ រហូតដល់មុខវត្តរតនរាមផ្សារកណ្ដាល និងរៀបចំផ្លូវថ្មើរជើងផ្សេងទៀត នៅតាមផ្លូវសំខាន់ៗក្នុងទីប្រជុំក្រុង។ ដើម្បីធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សោភណភាព របៀបរៀបរយសាធារណៈ និងការធ្វើចរាចរណ៍ឱ្យបានកាន់តែល្អប្រសើរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលក្រុង ដែលបានចេញសេចក្តីជូនដំណឹងម្តងទៀតនាថ្ងៃទី២៣ ខែសីហា ឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ រុះរើនិងកាត់ចេញទាំងអស់ដោយស្ម័គ្រចិត្ត ។
គួរបញ្ជាក់ថា÷ នៅព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣នេះនៅលើហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល បានបញ្ជាក់ម្ដងទៀតឱ្យពលរដ្ខអនុវត្តសំណង់ដែលខ្លួនសាងសង់រំលោភផ្លូវសារណៈរុះរើដោយស្ម័គ្រចិត្តព្រមទាំងបញ្ចេញមាត្រា៧១/៧២/៧៣និង៧៤ផងនៃច្បាប់សាងសង់រំលោភផ្លូវ៕
ដោយ ៖ វណ្ណា