ខេត្តបន្ទាយមានជ័យ៖ ក្រុមរថយន្តធុនធំជាច្រើនគ្រឿងបានបិទផ្លូវជាតិលេខ៥ធ្វើឱ្យស្ទះចរាចរណ៍ជិត៣ម៉ោងដោយចោទថា ភាស៊ីរថយន្តយកថ្លៃជាងមុន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នៅចំណុចប៉ុស្តិ៍ទារភាស៊ីស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
តំណាងក្រុមរថយន្តធុនធំបានប្រាប់ថា៖មូលហេតុដែលពួកគាត់យករថយន្តបិទផ្លូវបណ្តាលឱ្យស្ទះចរាចរណ៍គឺមកពីក្រុមហ៊ុនវិនិយោគចំណតរថយន្តក្រុងប៉ោយប៉ែត បានទារភាស៊ីមានតម្លៃថ្លៃជាងមុនចំនួន២ម៉ឺនរៀល កាលពីមុនយកតម្លៃតែ៥ពាន់រៀល ទើបពួកគាត់នាំគ្នាយករថយន្តមកបិទផ្លូវដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំក្រសួងជំនាញនិងខេត្ត-ស្រុកជួយសម្របសម្រួលតម្លៃដើមវិញ។
តំណាងម្ចាស់រថយន្តបានបញ្ជាក់ថា៖រយៈពេលកន្លងមកកាលក្រុមហ៊ុនវិនិយោគចំណតរថយន្តចាស់រថយន្ត១គ្រឿងត្រូវបានបង់ភាស៊ីតែ៥ពាន់រៀល តែនៅពេលក្រុមហ៊ុនវិនិយោគចំណតរថយន្តថ្មីរថយន្ត១គ្រឿងត្រូវបង់ភាស៊ីតម្លៃ២ម៉ឺនរៀល ដូច្នេះពួកគាត់សុំអោយតម្លៃដូចដើមវិញ ដែលនេះជាការស្នើសុំពីម្ចាស់រថយន្ត។
តំណាងក្រុមហ៊ុនចំណតរថយន្តបានប្រាប់ថា៖ ការអនុវត្តតាមវិក្កយប័ត្រដែលចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់តម្លៃអោយក្រុមហ៊ុនវិនិយោគចំណតរថយន្តយកភាស៊ីរថយន្ត១គ្រឿងតម្លៃ២ម៉ឺនរៀល ហើយត្រូវបានក្រុមអ្នកបើករថយន្តធុនធំយករថយន្តមកបិទផ្លូវធ្វើការតវ៉ា។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថាៈក្រោយទទួលបានព័ត៌មានថាក្រុមអ្នកអ្នកបើករថយន្តធុនធំបានយករថយន្តមកបិទផ្លូវតវ៉ាផ្លូវជាតិលេខ៥ចំណុចទារភាស៊ីចំណតរថយន្តក្រុងប៉ោយប៉ែតគឹជាការសម្របសម្រួលអាជ្ញាធរក្រុងនិងមន្ត្រីជំនាញសុំអោយក្រុមហ៊ុនវិនិយោគទារភាស៊ីចំណតរថយន្តអោយយកតម្លៃដូចដើមវិញក្នុង១គ្រឿងចំនួន៥ពាន់រៀលតែពេលនេះសុំអោយក្រុមហ៊ុនវិនិយោគពិភាក្សាគ្នាសិននិងជូនដំណឹងដល់ម្ចាស់រថយន្តធុនធំនៅពេលក្រោយ៕
ដោយ ៖ វណ្ណា