ខេត្តស្វាយរៀង៖ មានករណីអគ្គិភ័យមួយបានកើតឡើងបណ្ដាលអោយផ្ទះឈើមួយខ្នងបេតុងក្រោមត្រូវបានឆេះយ៉ាងសន្ធោសន្ធៅបង្កការផ្អើលដល់អ្នកភូមិទាំងយប់ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣ ស្ថិតនៅភូមិស្វាយគុយ ឃុំមេសរថ្ងក ស្រុកចន្ទ្រា។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះហែន សូរិយា ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិស្វាយគុយ ឃុំមេសរថ្ងកស្រុកចន្ទ្រា។
ប្រភពបន្តថា ចំណែកទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន ផ្ទះសង់ពីឈើបេតុងក្រោម មានទំហំ៧ម៉ែត្រគុណនឹង៧ម៉ែត្រកន្លះ, ចិញ្ចៀនផ្លាទីនចំនូន៥ជី, លុយចំនូន ៤.០០០.០០០ រៀល កង់អាគុយចំនូន១គ្រឿងនិងសម្ភារផ្សេងៗមួយចំនួនទៀត។
ប្រភពបន្តថា កម្លាំងសមត្ថកិច្ចចូលរូមធ្វើអន្តរាគមន៍មាន កម្លាំងអធិការដ្ធានស្រុកចំនូន៧នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ធបាលឃុំ៤នាក់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិទាំង៣នាក់រួមទាំងប្រជាពលរដ្ឋមួយចំនួនបានចូលរួមធ្វើការពន្លត់ដែលខណៈនោះដែរមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្អាននគរបាលស្រុកចន្រ្ទាបានប្រើប្រាស់ទឹកអស់ចំនួន២រថយន្តផងដែរ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីខាងលើនេះពុំមានមនុស្សរងគ្រោះថ្នាក់អ្វីដល់ជីវិតនោះទេ ហើយការឆេះផ្ទះនេះដោយសារមូលហេតុមកពីទុសេ្សខ្សែភ្លើង៕
ដោយ៖ សុថាន