ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិថ្មីគោលដៅទី១សំខាន់ គឺថែរក្សាឱ្យបានដាច់ខាតនូវសមិទ្ធផលដែលគណបក្សប្រជាជនខិតខំកសាងជាង៤០ ឆ្នាំកន្លងមកនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីគោលដៅទី១សំខាន់ គឺថែរក្សាឱ្យបានដាច់ខាតនូវសមិទ្ធផលដែលគណបក្សប្រជាជនខិតខំកសាងជាង៤០ ឆ្នាំកន្លងមកនេះ ជាពិសេស គឺសន្ដិភាព និងស្ថិរភាពរបស់កម្ពុជា។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមិនមែនជាគោលនយោបាយឆក់កណ្ដៀត ដូចគណបក្សនយោបាយមួយចំនួនដែលមានភាពមិនច្បាស់លាស់នោះទេ។ ប៉ុន្ដែគោលនយោបាយរបស់គណបក្សប្រជាជន គឺជាគោលនយោបាយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មាននិរន្តរភាព និងមានរយៈពេលយូរអង្វែងសម្រាប់អភិវឌ្ឍជាតិ មាតុភូមិ។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ គឺការពារអោយបានដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ ទោះ ១០០ ឆ្នាំទៀត ក៏នៅតែ ការពារសន្តិភាព​ឲ្យ​បានជានិច្ច។

ប្រសាសន៍លោកឡើងបែបនេះ ខណៈលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ បាន អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ដោយ ៖ សិលា


ចែករំលែក៖