ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ អ្នកធ្វើគោលនយោបាយជាតិ គឺសុទ្ធតែជាបណ្ឌិតដែលមានបទពិសោធន៍ការងារ និងបានសិក្សានៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា មិនមែនជាគោលនយោបាយកញ្ឆក់កណ្តៀតនោះទេ គឺជាគោលនយោបាយដែលបម្រើប្រជាពលរដ្ឋ និងមានចរិតយូរអង្វែង ហើយអ្នកធ្វើគោលនយោបាយជាតិ គឺសុទ្ធតែជាបណ្ឌិតដែលមានបទពិសោធន៍ការងារ និងបានសិក្សានៅក្រៅប្រទេសជាច្រើនរូប។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ដើម្បីឆ្លើយតបទៅតាមគោលនយោបាយ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នឹងបង្កើតក្រុមព័ត៌មាន ដើម្បីប្រមូលព័ត៌មាននានាពីប្រជាពលរដ្ឋទូទាំងប្រទេសដែលស្នើមក ដើម្បីដោះស្រាយរាល់សំណូមពរនានាជូនប្រជាពលរដ្ឋ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ៖ ភារកិច្ចរបស់យើង គឺត្រូវធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភារកិច្ចរបស់យើង គឺត្រូវធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ លោកបណ្ឌិតបានបន្តថា យើងនៅសល់ពេលវេលាចំនួន២៧ឆ្នាំទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ចេញគោលនយោបាយមួយ មិនមែនគ្រាន់តែស្អាត ឬពិរោះស្ដាប់ទេ ប៉ុន្ដែជាការដាក់ចេញ ដើម្បីផ្ដល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាជន៕

ដោយ ៖ សិលា 


ចែករំលែក៖