ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃប្រទេសទីម័រខាងកើត

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣នេះ​ ក៏បានអនុញ្ញាតឱ្យលោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

សម្តេចតេជោមានប្រសាសន៍ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មកកាន់ប្រទេសកម្ពុជា ហើយដែលដំណើរទស្សនកិច្ចនេះនិងជួយជំរុញទំនាក់ទំនងថែមទៀត នៃប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា សម្តេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសទីម៉រខាងកើត ដែលជាមេដឹកនាំអាស៊ានម្នាក់គត់បានទៅដល់ប្រទេសទីម៉រខាងកើត ដើម្បីជំរុញការចូលជាសមាជិករបស់ទីម៉រខាងកើត ទៅក្នុងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា ទីម៉រខាងកើត។ 

លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យរូបឯកឧត្តមចូលជួបសំដែងការគួរសម ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ។ លោកបន្តថា លោកនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានបញ្ជូនរូបឯកឧត្តមមកកាន់ប្រទេសកម្ពុជា ទី១ដើម្បីអបអរសាទរដោយផ្ទាល់ចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងមក ដែលបង្ហាញពីការប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ នៃដំណើរការប្រជាធិបតេយ្យ ពិសេសការបន្តផ្តល់នូវសុខសន្តិភាព និរន្តរភាពរបស់ប្រទេសផង តំបន់ផង និងពិភពលោកទាំងមូលផងដែរ។ 

ជាមួយគ្នានេះ​ លោកសូមអបអរសាទរជូនចំពោះ សម្តេចប្រធានគណបក្ស និងប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ទី២ការអបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលកម្ពុជានិងទីម៉រខាងកើត គឺជាមិត្តដ៏យូរលង់ណាស់មកហើយ។ ឯកឧត្តមមានប្រសាសន៍បន្តថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២២កន្លងទៅ សម្តេចតេជោបានផ្តល់ការគាំទ្រជាប្រវត្តិសាស្រ្ត ចំពោះប្រទេសទីម៉រខាងកើត ក្នុងការចូលជាសមាជិករបស់អាស៊ាន។

សម្តេចតេជោមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តីទីម៉រខាងកើត ហ្គូស្មៅ ធ្លាប់បានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០២២ និងជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២កន្លងមក។ សម្តេចតេជោបន្តថា សម្តេចនិងលោក ហ្គូស្មៅ មានការយល់ចិត្ត និងមានការខិតខំធ្វើយ៉ាងណា ជួយទីម៉រខាងកើតចូលជាសមាជិកអាស៊ាន។ សម្តេចបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីម៉រខាងកើត កាលពីពេលកន្លងទៅ គឺមិនមែនជាការចែដន្យទេ តែជាការបង្ហាញពីសាមគ្គីភាព ក៏ដូចជាការរំលឹកឲ្យបណ្តាប្រទេសអាស៊ាន គិតគូតពីការស្នើសុំចូលជាសមាជិកអាស៊ាន ពីសំណាក់ប្រទេសទីម៉រខាងកើត។ 

សម្តេចបន្តថា ទីម៉រខាងកើតបានត្រៀមលក្ខណៈចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១ ទើបរហូតមកដល់ឆ្នាំ២០២២កន្លងមកនេះ ទីម៉រខាងកើត ទើបបានទទួលស្គាល់ជាសមាជិកអ្នកសង្កេតការណ៍របស់អាស៊ាន ហើយនិងអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន។ សម្តេចតេជោក៏បានរំលឹកពីដំណើរការ នៃការផ្ទេរអំណាចដោយរលូននៅកម្ពុជា ដែលការប្រព្រឹត្តទៅនេះ គឺដើម្បីធានានូវស្ថេរភាព និរន្តរភាព នៃការបន្តវេន តាមលក្ខណៈប្រជាធិបតេយ្យ និងជាការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីបន្តនូវអ្វីដែលមានកន្លងមក និងបន្តអភិវឌ្ឍប្រទេសតទៅមុខទៀត។ 

លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសាមគ្គីភាពរបស់សម្តេច ចំពោះប្រទេសទីម៉រខាងកើត ហើយឯកឧត្តមក៏ដូចជា​ លោកប្រធានាធិបតី លោកនាយករដ្ឋមន្រ្តីទីម៉រខាងកើត និងរងចាំស្វាគមន៍ជានិច្ច ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសទីម៉រខាងកើត ក្នុងពេលវេលាដ៏សមស្របរបស់សម្តេច៕

ដោយ​៖សហការី​


ចែករំលែក៖