ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់! បុរសម្នាក់​ខណៈកំពុងជិះម៉ូតូត្រូវរថយន្ត Prius បុកប៉ើងធ្លាក់ពីលើស្ពានអាកាសចោមចៅ​ស្លាប់គួរឱ្យរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ពេលកំពុងជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងសង្ស័យធ្វេីដំណេីរបញ្ច្រាសទិសដៅចរាចរណ៍ ត្រូវបានរថយន្ត Toyota Prius បុកចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូរួញចូលគ្នានិងដាច់កង់ខាងមុខចេញពីតួ រីឯជនរងគ្រោះអ្នកបើកម៉ូតូបានប៉ើងធ្លាក់ពីលើស្ពាន​ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ 

​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង ៣៦នាទីយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នៅចំណុចលើស្ពានអាកាសចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​     សពជនរងគ្រោះមានឈ្មោះ ឡ សុខហ៊ន ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

​     បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ​គេឃើញរថយន្តម៉ាក​ Toyota Prius មួយគ្រឿង ពណ៌ប្រផេះ​ ពាក់ផ្លាកលេខភ្នំពេញ2BT-1663 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ដោយមិនដឹងថារថយន្តឆ្ពោះទៅផ្លូវជាតិលេខ៣ឬក៏មកផ្លូវចោមចៅនោះទេ លុះបើកឡើងស្ពានបានជិត១០០ម៉ែត្រក៏បានបុកជាមួយម៉ូតូហុងដាឌ្រីម សេ125 ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៩​ ពាក់ផ្លាកលេខពោធិ៍សាត់1J-0868 ជិះដោយបុរសម្នាក់សង្ស័យធ្វេីដំណេីរបញ្ច្រាសទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ៣ ឆ្ពោះមកផ្លូវសហព័ន្ធរុស្ស៊ី ចំពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូរួញចូលគ្នានិងដាច់កង់ខាងមុខចេញពីតួខូចខាតយ៉ាងដំណំ​ ចំណែកជនរងគ្រោះអ្នកបើកម៉ូតូបានប៉ើងធ្លាក់ពីលើស្ពានមកក្រោមបែកក្បាលរងរបួសធ្ងន់ធ្ងរ​ និងត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះ​ តែអកុសលជនរងគ្រោះរបួសធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ ហេីយត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកមកកន្លែងកើតហេតុវិញ។ ចំណែកអ្នកបើកបររថយន្តPrius បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។​

ចំណែកសពជនងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖