ភ្នំពេញ៖ លោក កើត ឆែ មានប្រសាសន៍ថា៖ ធ្វើជាមន្ត្រីត្រូវតែចេះអភិវឌ្ឍន៏ ខ្លួនលើផ្នែកចំណេះដឹង និងចំណេះធ្វើទើបដើរទាន់គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ការយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិ បាលទាល់តែមន្ត្រីទាំងអស់ស្វែងយល់អោយច្បាស់លាស់ពីគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងនោះការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុជារឿងចាំបាច់ សម្រាប់អនុវត្តនៅឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ ។
លោក កើត ឆែ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បែបនេះក្នុងវគ្គបណ្តុះបណ្ដាលស្តីពីការរៀបចំយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៤-២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣ ។
លោក កើត ឆែ បានបញ្ជាក់ថាៈ ជាការពិតណាស់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយ ដ៏សំខាន់ នៃការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកា ឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចជាតិ និងដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក ជាដំណាក់កាលៗ នៃសសរស្ដម្ភកំណែទម្រង់ នោះគឺ «ភាពជឿទុកចិត្ត នៃថវិកា», «គណនេយ្យភាពហិរញ្ញវត្ថុ» «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» និង «ថវិកាសមិទ្ធកម្ម»។
លោក កើត ឆែ បានបញ្ជាក់ថាៈ ក្នុងក្របខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ ចំពោ៖ការរៀបចំគម្រោងថវិកាសម្រាប់ឆ្នាំ២០២៤ ខ្ញុំសូមស្មើ ឱ្យទីចាត់ការហិរញ្ញវត្ថុពិនិត្យ និងសិក្សាអំពីលទ្ធភាពចំណូលរបស់រដ្ឋបាលរាជធានីភ្នំពេញ មុននឹងរៀបចំគម្រោង ចំណាយ ហើយត្រង់ចំណុចនេះ ខ្ញុំសូមរំលឹកឡើងវិញថា សម្រាប់ឆ្នាំ២០២៤ យើងត្រូវគ្រោងថវិកា ដើម្បីបម្រើឱ្យ ការចុះបញ្ជីកម្មសិទ្ធិដីរដ្ឋ ព្រោះថាការងារនេះ គឺជាកិច្ចការអាទិភាព ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចង្អុល បង្ហាញ ដើម្បីថែរក្សា និងធានានូវភាពគត់មត់ និងចីរភាពនៃទ្រព្យសម្បត្តិរបស់រដ្ឋ។
ចំពោះរដ្ឋបាលខណ្ឌ អភិបាលខណ្ឌ ត្រូវចាត់ចែងឱ្យនាយករដ្ឋបាល ដោយមានប្រធានការិយាល័យ ផែនការ និងហិរញ្ញវត្ថុ ជាសេនាធិការ ត្រូវរៀបចំគម្រោងថវិកា លម្អិត ឱ្យបានរួស រាន់ រួចត្រូវដាក់ឆ្លងក្រុមប្រឹក្សា ខណ្ឌ ដើម្បីអនុម័ត មុននឹងបញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញ។ ដោយឡែក ចំពោះរដ្ឋបាលសង្កាត់ បើទោះបីជា ថវិកាសង្កាត់ មិនទទួលបានការវិភាជន៍ថវិកាពីរដ្ឋបាលរាជធានីភ្នំពេញក្ដី ក៏ការរៀបចំគម្រោងថវិកាសង្កាត់ត្រូវ ទទូលការអនុម័តពីក្រុមប្រឹក្សាសង្កាត់ និងឆ្លងកាត់ការពិនិត្យ និងផ្តល់អនុលោមភាពពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ៕
ដោយ ៖ សំរិត