ភ្នំពេញ ៖ មួយព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តាមបណ្តាញទំនាក់ទំនងសង្គម Facebook គេហទំព័រ អនឡាញ ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហោះព្រោងព្រាត ករណីស្ត្រីម្នាក់ ទះកំផ្លៀងយុវជនបង្កហេតុបើកបរ បុកប៉ះរថយន្តរបស់គាត់ត្រឹមបន្តិចបន្តួចសោះនោះ ទារលុយ ៥០០ដុល្លារ គេយល់ព្រមសងអោយហើយ នៅតែមានចេតនាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ទះកំផ្លៀងយុវជននោះដល់ ៥ដៃ។
ធាតុពិត ! គេស្គាល់ហើយ ស្ត្រីទំនើង ដៃខ្លាំង ម្ចាស់ មន្ទីរព្យាបាល និងសម្ភព ឥន្រ្ទទេវី1 គឺលោកស្រី អយ ឆវឌ្ឍនី អាយុ ៣៨ ឆ្នាំ ថៅកែគ្លីនិកមួយកន្លែងនៅសង្កាត់ទទួលសង្កែ ១ ខណ្ឌ ឬស្សីកែវ កំពុងរងការប្ដឹងបកពី យុវជនមួយរូបឈ្មោះ ហឿន សុខរតណី អាយុ ១៩ ឆ្នាំ បន្ទាប់ពីលោកស្រីបានប្រេីហិង្សា( ទះ៥កំផ្លៀង ) ព្រោះតែខឹងយុវជនរូបនេះបេីកបរម៉ូតូធ្វេសប្រហែសប៉ះកាងរថយន្ត Lexus 570 ស៊េរីឆ្នាំ ២០១១ ឡេីងសេរី គូរូ ពណ៌ខ្មៅ បណ្ដាលឲ្យដាច់ថ្នាំកាងបន្តិចបន្តួច តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ៖ បើតាមយុវជនរងគ្រោះ បកស្រាយប្រាប់អ្នកសារព័ត៌មាន គឺក្រៅពីទះកំផ្លៀងយុវជនរូបនេះហេីយ លោកស្រីបានចាប់យកម៉ូតូទៅចាក់ច្រវ៉ាក់ទុកដោយគ្មានការអនុញ្ញាតិពីម្ចាស់ម៉ូតូ និង សមត្ថកិច្ចឡេីយ ស្មើនឹងបំបាត់វត្ថុតាង ដើរតួជាមន្ត្រីនគរបាលយុត្តិធម៌ ជាតំណាងអយ្យការ ជាមន្ត្រីនគរបាលចរាចរណ៍ ដោយខ្លួនឯង។
ពាក់ព័ន្ធការទាមទារសំណងការខូចខាតកាងរថយន្តលោកស្រីថាយក ៣០០ដុល្លារ តែក្រោយមកក៏មិនយកវិញដោយសុំបញ្ចប់គ្នាត្រឹមហ្នឹង ។ ប៉ុន្តែយុវជនរងគ្រោះមិនព្រមហេីយនៅរសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៣ នេះ យុវជនបង្ករករណីគ្រោះថ្នាក់ចរាចរណ៍តែជាជនរងគ្រោះនៃអំពេីហិង្សាបានមកដាក់ពាក្យបណ្ដឹងនៅ នគរបាលប៉ុស្តិ៍ទួលសង្កែ១ ខណ្ឌ ឬស្សីកែវរួចហេីយ ដេីម្បីអោយសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ចំពោះរថយន្ត Lexus 570 ឆ្នាំ2011 ឡេីងស៊េរី គូរូ ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា -CEO.TGN1 គឺ លោកស្រី ទេីបតែទិញបន្តពី អគ្គនាយក ធី ជី អិន កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣ និយាយរួមទើបតែទិញបាន ២ថ្ងៃ ប៉ុណ្ណោះ ។ រហូតដល់ម្ចាស់ឡានដែលលក់ឱ្យបាននិយាយថា ៖ ខ្ញុំទើបលក់អោយគាត់ នៅថ្ងៃចន្ទនេះសោះ មិនគួរគាត់ធ្វើបែបនេះ ហើយមិនមែនជាឡានរបស់ខ្ញុំ មិនប៉ះពាល់ជាមួយខ្ញុំទេ។
សូមជម្រាបថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ គួរតែដោះស្រាយដោយសមត្ថកិច្ចនគរបាលចរាចរណ៍ គូរភាគីមិនអាចបង្ករអំពេីហិង្សានោះទេ ។ គេបុកយេីង គេខុសហេីយ ទុកអោយច្បាប់ដោះស្រាយតែបេីយេីងទៅវាយគេ គឺយេីងជាអ្នកត្រូវក្លាយទៅជាអ្នកខុសវិញ ។ ដូចករណីខាងលេីនេះជាដេីម ។
បទល្មើសទះកំផ្លៀងបានក្លាយជាប្រធានបទក្ដៅនៅលេីបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពី បុរសម្នាក់បានទះកំផ្លៀងយុវតីម្នាក់ព្រោះតែជិះម៉ូតូសាចទឹកប៉ះគាត់បន្តិចបន្តួច ។ បច្ចុប្បន្នបុរសទះកំផ្លៀងយុវតីរូបនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់រួចហើយ ។ ចំពោះលោកស្រីថៅកែគ្លីនិកដែលទះកំផ្លៀងយុវជនមួយរូបចំនួន ៥ កំផ្លៀង តេីមានវាសនាដូចបុរសទះកំផ្លៀងយុវតីនោះឬយ៉ាងណា ។
សូមបងប្អូនទាំងអស់មេត្តាកុំយកហិង្សាដោះស្រាយបញ្ហាបែបនេះ ។ ពីព្រោះថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ជាសំណងរដ្ឋប្បវេណី ទុកអោយមានការសម្របសម្រួលគ្នា សងទៅតាមទំហំខូចខាតប៉ះពាល់ ឬរក្សាទុកវត្ថុតាងដើម្បីអោយ មន្ត្រីនគរបាលចរាចរណ៍ ចុះពិនិត្យវាស់វែង ផ្ទុយទៅវិញ ស្ត្រីខាងលើបែជា យកម៉ូតូរបស់យុវជន ទៅចាក់សោ ទុកនៅគ្លីនិករបស់ខ្លួន និងទះកំផ្លៀង៥ដៃទៀត គឺក្លាយជាបទល្មើសព្រហ្មទណ្ឌ ដែលមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែឃាត់ខ្លួន ខណះជាបទល្មើសជាក់ស្តែង។ ផ្ទុយទៅវិញ ហាក់រអា នីតិវិធីស្ទាក់ស្ទើរទៅលើស្ត្រីបង្កហេតុទៅវិញ។
ពាក់ព័ន្ធករណី អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណៈលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទូរស័ព្ទចូលអត់មានអ្នកទទួល ៕
ដោយ ៖ សហការី