ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រថ្មី ២៩រូបមកពីបក្សប្រជាជនកម្ពុជា ត្រូវបានរដ្ឋសភាផ្តល់សុពលភាព ខណៈលោក យក់ ង៉ុយ ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានរដ្ឋសភាកម្ពុជា ព្រឹកថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានបន្ត សម័យ ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា។ កិច្ចប្រជុំនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីសមាជិក សមាជិការដ្ឋសភាចំនួន ៨៦អង្គ/រូបផ្សេងទៀត។

សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ មានរបៀបវារៈចំនួនពីរ នៅក្នុងនោះ អង្គរដ្ឋសភា បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ចំនួន ២៩រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង។

រដ្ឋសភា ក៏បានបោះ ឆ្នោតជ្រើសតាំងលោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោកសំ ព្រហ្មនា ដែលបានទទួលមរណភាពផងដែរ។ 

អាស្រ័យដោយអង្គសភាមិនទាន់មានរបៀបវារៈសម្រាប់ធ្វើការពិភាក្សា និងអនុម័ត អង្គសភាបាន លើកសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ មួយរយៈសិន។ ចំពោះព័ត៌មានទាក់ទងការបន្តសម័យ ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងជូនដំណឹងនៅពេលក្រោយ តាមរយៈសេចក្តីជូនដំណឹង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ៕

ដោយ ៖ សិលា


ចែករំលែក៖