ខេត្តកំពង់ស្ពឺ ៖ អ្នកដំណើរម្នាក់ បានបាត់បង់ជីវិត និងច្រើននាក់ទៀត បានរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយ រថយន្តប្រភេទ ទេសចរណ៍ នៅចំណោត ពេជ្រនិល លោកយាយម៉ៅ វេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ តាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា ៖ មុនដំបូងគេឃើញ រថយន្ត ម៉ាក SHACMAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-1758 សណ្តោងរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4B-0249 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបើកពីកើតទៅខាងលិច បានបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3C-3445 សណ្តោងរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-1424 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រួចបន្តទៅបុក រថយន្ត ម៉ាកFORD TRANST ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-5325 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរ បញ្រ្ចាសទិសគ្នា បណ្តាលអោយ បុរសម្នាក់ ស្លាប់នៅកន្លែងកើតហេតុ របួសស្រាលធ្ងន់ – ស្រាល មួយចំនួន និងខូចខាត រថយន្ត ០៣គ្រឿង ធ្ងន់០២គ្រឿង។
ក្នុងរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ៖ ឧប្បទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តសុីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តប្រភេទ ទេសចរណ៍ ក្នុងករណីគ្រោះថ្នាក់ខាងលេីបណ្ដាលឲ្យ ស្លាប់០១នាក់ប្រុស ជាជនបរទេស (នៅកន្លែងកើតហេតុ)
– របួសស្រាលធ្ងន់ - ស្រាល មួយចំនួន មិនទាន់លម្អិតបាន និងខូចខាតរថយន្ត០៣គ្រឿង ធ្ងន់០២គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបណ្ដាលមកពី រថយន្តដឹកហ្គាសបេីកក្នុងស្ថានភាពមេឃភ្លៀងរអិល។
បច្ចុប្បន្នកងកម្លាំងនគរបាលស្រុកភ្នំស្រួចកំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ជៀសវាងបង្កឲ្យមានការកកស្ទះចរាចរណ៍៕
ដោយ ៖ សហការី