ភ្នំពេញ ៖ ប្រវត្តិអ្នកគ្រូពេទ្យ អយ ឆវឌ្ឍនី មិនធម្មតាទេ ! គាត់គឺជាជើងខ្លាំងស្មោះ! ម្ដាយអោយទៅរៀនពេទ្យ តែមាននិស្ស័យខាងវ៉ៃតប់វិញ គឺមានដុងពីកំណើតម៉ង ! ចាំមើលសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវមានចំណាត់ការទេ ?
តាមរយៈFacebook គេបង្ហោះថា ៖ អ្នកគ្រូពេទ្យដែលកំពុងមានឈ្មោះល្បីនៅលេីបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងការចោទប្រកាន់ពីសំណាក់យុវវ័យម្នាក់ថាបានទះគាត់៥កំផ្លៀងនោះ នៅរសៀលថ្ងៃនេះ គេបានទទួលរូបថតពីជនរងគ្រោះម្នាក់ទៀតដែលធ្លាប់រងគ្រោះដោយសារអ្នកគ្រូពេទ្យវាយដែរ ។
ចំណែកយុវជនរងគ្រោះវិញបានប្រាប់អោយដឹងថា ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ស្ត្រីម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពឥន្ទ្រទេវី១ មិនទាន់ចូលខ្លួនមកដោះស្រាយនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែ១នៅឡើយ។ ដូច្នេះខ្លួនបានត្រឹមនគរបាលហៅមកដាក់ពាក្យបន្ថែមប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ៖ ពាក់ព័ន្ធករណីស្ត្រីម្ចាស់រថយន្តម៉ាកKURU 570 ទះកំផ្លៀងយុវជនម្នាក់ចំនួន៥កំផ្លៀងនោះ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវកំពុងអោយភាគីទាំងសងខាងសម្រមសម្រួលគ្នា ដោយមិនដឹងថា សម្រួលរឿងគ្រោះថ្នាក់ចរាចរណ៍ឬសម្រួលខាងបទល្មើសព្រហ្មទណ្ឌដែលស្ត្រីជើងខ្លាំងនោះប្រើកណ្តាប់ដៃទះជនរងគ្រោះ៥កំផ្លៀងនោះទេ?
សូមជម្រាបថា ៖ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយុវជនម្នាក់ជិះម៉ូតូដួលទៅប៉ះរថយន្តស៊េរីទំនើបម៉ាក ឡិចស៊ីស KURU 570 ដែលបង្កជាហិង្សាដោយស្រ្តីជាម្ចាស់រថយន្ត ហើយក៏ជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព ឥន្ទ្រទេវី១ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ កម្លាំងនគរបាលខណ្ឌឫស្សីកែវ នឹងឱ្យភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីដោះស្រាយតាមនីតិវិធី ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា លោកឱ្យភាគីទាំងសងខាងធ្វើការដោះស្រាយសម្របសម្រួលគ្នា បើសិនភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីណាមួយទទួលនូវសំណង ហើយបើភាគីទាំងសងខាងមិនមានការសម្របសម្រួលគ្នានោះទេ កម្លាំងសមត្ថកិច្ចនឹងធ្វើទៅតាមនីតិវិធី បញ្ជូនសំណុំរឿង និងស្ត្រីបង្កទៅកាន់តុលាការ ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តាមបណ្តាញទំនាក់ទំនងសង្គម Facebook គេហទំព័រ អនឡាញ ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហោះព្រោងព្រាត ករណីស្ត្រីម្នាក់ ទះកំផ្លៀងយុវជនបង្កហេតុបើកបរម៉ូតូបុកប៉ះរថយន្តរបស់គាត់ត្រឹមបន្តិចបន្តួចសោះនោះក៏ទារលុយ៥០០ដុល្លារ គេយល់ព្រមសងអោយហើយ នៅតែមានចេតនាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទះកំផ្លៀងយុវជននោះដល់ ៥ដៃ។
ចាំមើលថា នីតិវិធីនៃការដោះស្រាយ បញ្ជប់ត្រឹមអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឬ ឈានដល់ដំណាក់កាល តុលាការឬក៏យ៉ាងណា ។
តាមផ្លូវច្បាប់ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវសំណងរដ្ឋប្បវេណីទៅលើស្ត្រីជាម្ចាស់ឡានទំនើបនោះ តែចំពោះស្ត្រីជើងខ្លាំងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព ឥន្ទ្រទេវី១ មកទះកំផ្លៀងគេ៥ដៃនិងបញ្ជាអោយសន្តិសុខយកម៉ូតូចាក់សោទុកនៅកន្លែងគ្លីនិករបស់ខ្លួន ដែលដើរតួជាមន្ត្រីចរាចរណ៍ ជាមន្ត្រីនគរបាលយុត្តិធម៌ ជាតំណាងអយ្យការ ព្រមទាំងមានចេតនា យកវត្ថុតាងមកលាក់ទុកដើម្បីបំបាត់ តើមន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិឃាត់ខ្លួនទេខណៈជាបទល្មើសព្រហ្មទណ្ឌ ជាក់ស្តែង ៕
ដោយ ៖ រ៉ារ៉ា