ខេត្តកោះកុង ៖ លោកព្រំ សុវណ្ណា នាយផ្នែកជលផលស្រុកបទុមសាគរត្រូវបានប្រធានមន្ទីរកសិកម្មខេត្តកោះកុងចេញលិខិតបង្គាប់ការឱ្យមកបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងជាបណ្តោះអាសន្នហើយនៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ក្រោយពីមានរឿងអាស្រូវជាច្រើនដែលពាក់ព័ន្ធនិងបទល្មើសខុសច្បាប់ រឿងដឹកជញ្ជូនខ្យងសទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែខ្លួនឯងជាប្រធានមន្ទីរជាប់ពាក់ព័ន្ធដែរមិនដឹងថារដ្ឋមន្រ្តីក្រសួងនឹងផ្តល់វាសនាបែបណានោះទេ ខណៈដែលបានចាត់តាំងមន្រ្ដីជាន់ខ្ពស់ក្រសួងចុះមកធ្វើអធិការកិច្ចរួចទៅហើយនោះ។
តាមប្រភពបានឱ្យដឹងថា លោក ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់តាំងមន្រ្ដីជំនាញជាន់ខ្ពស់ជាច្រើនរូប ដឹកនាំដោយលោកគង់ វ៉ាញ អគ្គាធិការនៃអគ្គាធិការដ្ឋាន ចុះមកធ្វើអធិការកិច្ច បើកការស៊ើបអង្កេតទៅលើលោកអុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងលោក ព្រំ សុវណ្ណា នាយ ផ្នែកជលផលបទុមសាគរ ជុំវិញករណីឃុបឃិតទទួលសំណូក កិបកេងចំណូលថវិកាជាតិជាច្រើនលានរៀលពីឈ្មួញរកស៊ីជួញដូរខ្យងស និងការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់តាមឆកសមុទ្រថ្មស ក្នុងស្រុកស្រែអំបិលនិង ស្រុកបទុមសាគរ ខេត្តកោះកុង ។
ប្រភពបន្តទៀតថា រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ មន្រ្ដីជំនាញជាន់ខ្ពស់២រូបត្រូវបានលោកឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ចាត់តាំងឱ្យចុះមកធ្វើអធិការកិច្ច បើកការស៊ើបអង្កេតទៅលើលោកប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងលោកនាយផ្នែកជលផលបទុមសាគរ។
មន្រ្តីជំនាញជាន់ខ្ពស់ដែលរដ្ឋមន្ត្រីចាត់តាំងឱ្យចុះមកនោះគឺមានលោកគង់ វ៉ាញ អគ្គាធិការនៃអគ្គាធិការដ្ឋាន លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនួយការ៣រូបទៀតជាអ្នកកត់ត្រាផងដែរ។
នៅរសៀថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៣នេះលោកគង់ វ៉ាញ (Kong Vanh)អគ្គាធិការនៃអគ្គាធិការដ្ឋានបានឱ្យដឹងតាមទូរស័ព្ទថា លទ្ធផលធ្វើរួចហើយៗកំពុងដាក់ជូនថ្នាក់ដឹកនាំដោយមិនទាន់មានចំណាត់ការទេ ចាំសុំគោលការណ៍ពីលោករដ្ឋមន្ត្រីសិន។
លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុងនិងលោក ព្រំ សុវណ្ណា នាយផ្នែកជលផលបទុមសាគរ ក្រោយពីមានការបែកធ្លាយក្រដាសវេរលុយតាមធនាគារវីង និងតាមធនាគារអេស៊ីលីដាជាច្រើនសន្លឹកដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងដឹកជញ្ជូនខ្យង.សទៅលក់នៅប្រទេសវៀតណាមគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្មជាច្រើនលានរៀលជាថ្នូរបិទភ្នែក ខ្ទប់ត្រចៀក ធ្វើមិនដឹងមិនឮ ដោយគ្មានវិធានការបង្ក្រាប ធ្វើឱ្យហិនហោចដល់ធនធានធម្មជាតិ មច្ឆាសមុទ្រ ពិសេសនៅបទុមសាគរ។
ចំពោះក្រដាសបែកធ្លាយវេរលុយតាមធនាគារវីង និងតាមធនាគារអេស៊ីលីដា ដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់និងដឹកជញ្ជូនខ្យង.សទៅលក់នៅប្រទេសវៀតណាមគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម ជាច្រើនសន្លឹកវេរទៅឱ្យមន្ត្រីជលផលបទុមសាគរ និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់នោះ មានចំនួន២៦សន្លឹក ដែលមានលុយចាប់ពី៥០ម៉ឺនរៀល, ៧០ម៉ឺនរៀល, ១លានរៀល, ២លានរៀល រហូតដល់៤លានរៀល នេះមិនរាប់បញ្ចូលការពិន័យអន្ដរកាលលើការចាប់រថយន្ដដឹកជញ្ជូនខ្យង.ស និងការចាប់ទូកនេសាទអូសខ្យងសនោះទេ ហើយថ្មីៗនេះដែរក៏មានការបែកធ្លាយសំឡេងអ្នករកស៊ីខ្យង.ស ឈ្មោះដាំ និងសំឡេងមន្ត្រីជលផលបទុមសាគរទារលុយសំណូកពុករលួយពីមេឈ្មួញប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់អូសខ្យង.សយកទៅលក់នៅប្រទេសវៀតណាម ឈ្មោះ ជីវ័ន្ដ ថែមទៀតផង។
រហូតមកដល់ពេលនេះលោកប្រធានមន្ទីរកសិកម្មខេត្តកោះកុងបានដកលោកនាយផ្នែកជលផលនោះមកបញ្ឈរជើងហើយ ឯខ្លួនលោកផ្ទាល់វិញថ្នាក់ដឹកនាំក្រសួងនៅមិនទាន់មានចំណាត់ការនៅឡើយប្រហែលជាលោកប្រធានមន្ទីរនោះគិតថាខ្លួនឯងមិនជាប់ពាក់ព័ន្ធហើយមើលទៅបានជាខំដកកូនចៅយ៉ាងប្រញាប់ប្រញាល់ឱ្យផុតដើម្បីផ្តាច់ទំនាក់ទំនងឱ្យលឿនពីក្រុមឈ្មួញល្មើសច្បាប់ដែលប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់អូសខ្យង.សយកទៅលក់នៅប្រទេសវៀតណាមនោះហើយ៕
ដោយ ៖ ជីវ័ន្ត