ភ្នំពេញ៖ មន្រ្តីពន្ធនាគារម្នាក់ត្រូវរថយន្តដឹកភេសជ្ជៈរបស់ក្រុមហ៊ុនមីស៊ីលកិនស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលវេលាម៉ោង៥ល្ងាចថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ប៊ូ ទីនី អាយុ៣៨ឆ្នាំ មុខរបរមន្រ្តីពន្ធនាគារ ម ១ ព្រៃស មានប្រពន្ធនិងកូនប្រុសស្រី២នាក់រស់នៅក្នុងបន្ទុក ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានឃើញបុរសជាមន្ត្រីពន្ធនាគារម១ព្រៃសជិះម៉ូតូមួយគ្រឿងម៉ាក pcx ពណ៌សពាក់ស្លាកលេខភ្នំពេញ1IR-5060ធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃសក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុបានចាប់ហ្វ្រាំងបង្ខំក៏ដួលម៉ូតូ ស្របពេលក៏មានរថយន្តដឹកភេជ្ជៈមីសុីលម៉ាកហុីយ៉ាន់ដាយពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3F-8169មកពីក្រោយជាន់ហ្រ្វាំងមិនទាន់កិនអូសប្រហែល៥ម៉ែត្របណ្ដាលអោយស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។
ប្រភពមួយផ្សេងទៀតបានឱ្យដឹងថា ជនរងគ្រោះជាមន្ត្រីពន្ធនាគារម១ព្រៃស មុនពេលកើតហេតុជនរងគ្រោះបានចេញពីធ្វើការធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីលិចមកកើតខណៈមកដល់ត្រង់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកបណ្ដាលអោយដួលហើយត្រូវរថយន្តដឹកភេសជ្ជៈរបស់ក្រុមហ៊ុន មីសុីល មកពីក្រោយជ្រុលកិនជនរងគ្រោះ បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។
ចំណែកអ្នកបើកបរត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីសួរនាំ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ទៅតាមនីតិវិធី។
ចំណែកសពធ្វើកំណត់ហេតុរួចប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ