ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ និងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនដល់តំណាងអង្គការយូណេស្កូ ពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជនអគតិមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយបំពុលសង្គម។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាគូសបញ្ជាក់កាលពីរសៀលថ្ងៃទី៦ ខែកញ្ញាម្សិលមិញនេះ នៅទីស្តីការក្រសួងព័ត៌មានយ៉ាងដូច្នេះថា៖”ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជាតាមរយៈការបង្កើតឱ្យមានការបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យនេះ និងការពង្រឹងការ អនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដើម្បីធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត”។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ដើម្បីពង្រឹងគុណភាពអត្ថបទដែលផ្សព្វផ្សាយជូនសាធារណជន ពោលគឺធ្វើយ៉ាងណាឱ្យអត្ថបទដែលផ្សព្វផ្សាយមានគុណភាព និងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់សាធារណជនជាអ្នកអាន អ្នកទស្សនា។
ក្នុងន័យនេះ ក្រសួងព័ត៌មាននឹងរៀបចំបើកវគ្គបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសារព័ត៌មាននេះជូនមន្ត្រីដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងក៏ស្វាគមន៍ផងដែរ អ្នកសារព័ត៌មាននានាដែលមានបំណងចង់បង្កើនសមត្ថភាពរបស់ខ្លួន ឬបំប៉នបន្ថែមនូវជំនាញខ្លួន។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ គឺជាអាវក្រោះការពារអ្នកសារព័ត៌មាន និងធ្វើឱ្យវិស័យសារព័ត៌មានកាន់តែមានការរីកចម្រើន។
នាឱកាសនោះដែរ តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា លោក Sardar Umar Alam បានចែករំលែកទស្សនជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសន្យាថាចូលរួមសហការជាមួយក្រសួងព័ត៌មានដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការពង្រឹងការគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងចូលរួមសហការការងារផ្សេងៗទៀត៕
ដោយ៖ ស តារា