ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញចុះដកហូត ម៉ូតូចំនួន២៦២គ្រឿងពីឃ្លាំងបញ្ចាំប្រគល់ជូនពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងនិងមានឯកសារត្រឹមត្រូវ

ចែករំលែក៖

  ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនៅឃ្លាំងរំសេវដែលបានប្លុំបេបិទបណ្ដោះអាសន្នកន្លងមក ដើម្បីដកហូតម៉ូតូចំនួន ២៦២គ្រឿងជូនដល់ពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងនិងមានឯកសារត្រឹមត្រូវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីប្រគល់ជូនទៅពួកគាត់បានប្រើការប្រចាំថ្ងៃវិញ។

    ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៣ មានការដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីលោកវរសេនីយ៍ឯក បុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

    ក្នុងប្រតិបត្តិការនេះដែរ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានបាត់ម៉ូតូឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលោះយកម៉ូតូវិញ និងបើរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឱ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។ លោកបានបញ្ជាក់ផងដែរថា ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំគឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូ។ ដូច្នេះលោកបានបញ្ជាក់ថា សូមធ្វើការឱ្យចប់មួយករណីនេះសិននិងបន្តចុះត្រួតពិនិត្យនៅទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។

    ជាចុងក្រោយ លោកអភិបាលរងបានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការកន្លងមកកម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន ២៦២ គ្រឿងប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០គ្រឿងបន្តទៀតនៅស្តុកក្នុងឃ្លាំង OCIC។ សូមឲ្យប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រូតពិនិត្យនិងប្រគល់ម៉ូតូជូន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖