ភ្នំពេញ ៖ បើស្រូវឡើងថ្លៃ គួរប្រញាប់លក់ចេញ ឬរង់ចាំបន្ត? ខ្លះខំប្រឹងស្រូតរូត ក្រែងខកខានចាប់មិនទាន់ឱកាសទីផ្សារ ខ្លះទៀតនៅរេរង់អល់អែក ក្រែងលោអូសបានចំណេញថែមបន្តិចទៀត។ ចុះបើស្រូវស្រាប់តែធ្លាក់ថ្លៃចុះមកវិញ តែនៅតែចំណេញជាងឆ្នាំកន្លងទៅ តើគួរបន្តលក់ចេញ ឬនៅរង់ចាំបន្តទៀត ក្រែងថ្លៃល្អនោះនឹងវិលត្រលប់មកវិញ? គ្មានអ្នកណាអាចផ្តល់ចម្លើយដែលសុក្រឹតបានទេ។ បើអាចមើលអនាគតឃើញ អ្នកណាក៏រើសយកជម្រើសល្អ ជម្រើសចំណេញបំផុតដែរ តែឱកាសនិងហានិភ័យតែងនៅជាមួយគ្នា និងជាកត្តាខាងក្រៅដែលមិនស្ថិតក្រោមការកំណត់របស់យើងទាំងអស់គ្នានោះទេ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
លោកបន្តថា ៖ មួយរយៈនេះ ថ្លៃស្រូវមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាឱកាសកើតចេញពីបម្រែបម្រួលនៃតម្រូវការនិងការផ្គត់ផ្គង់នៃទីផ្សារស្រូវអង្ករក្នុងតំបន់។ កសិករគួរចាប់យកឱកាសនេះដោយការប្រុងប្រយត្ន័ ឱ្យទាន់ពេលវេលា និងមានភាពឆ្លាតវៃប្រមើលមើលពីសក្តានុពលនៃតម្រូវការទីផ្សារនាពេលអនាគតទុកជាមុនឱ្យហើយ តែក៏មិនគួរនាំគ្នាបង្កើនផលិតកម្មដោយមិនមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ធ្វើផែនការគិតទុកជាមុនសិន និងសង្កេតពីនិន្នាការប្រែប្រួលនៃទីផ្សារ រហូតធ្វើឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការក្នុងទីផ្សារ និងប្រែក្លាយឱកាសទៅជាហានិភ័យ និងបញ្ហាប្រឈមវិញនោះដែរ។
ឱកាសខាងក្រៅមិននៅឋិតឋេររហូតនោះទេ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលគឺទៅលើការកសាងវិស័យកសិកម្មនៅកម្ពុជាមួយដែលមានឧត្តមានុភាពក្នុងប្រកួតប្រជែងខ្លាំង មានភាពប្រាកដនិយម និងមាននិរន្តភាពយូរអង្វែង «ចាប់បានទាំងឱកាស ទប់ទល់បានទាំងហានិភ័យ និងមានភាពរឹងមាំដោយមិនរើសពេលវេលា»។ ប្រែក្លាយចំណុចខ្សោយ និងដោះស្រាយបញ្ហាប្រឈមនានា គឺជាអាទិភាពចម្បងនៃគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ប៉ុន្តែការបាត់តុល្យភាពនៃតម្រូវការនិងផ្គត់ផ្គង់គឺជាបញ្ហានៃសេដ្ឋកិច្ចទីផ្សារសេរី និងត្រូវអនុញ្ញាតឱ្យយន្តការទីផ្សារជាអ្នកស្វែងរកលំនឹងដោយខ្លួនឯងមកវិញ។ ភាពឆ្លាតវៃរបស់កសិករនឹងអាចជួយឱ្យពួកគាត់គេចផុតពីហានិភ័យទីផ្សារបែបនេះបាន ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនរួចជាច្រើនដើម្បីបង្កើនភាពឆ្លាតវៃទាំងនេះនៅក្នុងចំណោមសហគមន៍កសិករ ៕
ដោយ ៖ សហការី