ភ្នំពេញ ៖ អបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៣ លើកទី២៣ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច» ។ នេះជាប្រសាសន៍លើកឡើងរបស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីថ្លែងថា ៖ ក្នុងអតីតកាល និងជាពិសេសក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ ថ្នាក់ដឹកនាំជំនាន់មុនបានចាត់ទុកវិស័យអប់រំ និងធនធានមនុស្សជាអាទិភាពចម្បងសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្ន សាលារៀនចំណេះទូទៅ និងសាលាអប់រំបច្ចេកទេសបាន និងកំពុងរីកដុះដាលគ្រប់ទិសទី ដែលបានផ្តលឱកាសដល់កុមារ និងយុវជនក្នុងការបណ្តុះបណ្តាល និងបំពេញក្តីស្រមៃរបស់ខ្លួន។
លោកបន្តថា ៖ អក្ខរកម្មជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍ បង្កើនសន្ទុះនៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូល រីកចម្រើនជឿនលឿនតទៅមុខ ។ ជាពិសេស ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល យើងត្រូវចាត់ទុកអក្ខរកម្មឌីជីថលជាការងារអាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត។
ទាំងអស់គ្នា ដើម្បីអក្ខរកម្ម! ៕
ដោយ ៖ សិលា