អាជ្ញាធរគុយបាបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស 17 នាក់ ពីបទល្បួងយុវជនគុយបាឱ្យប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន។ អាជ្ញាធរកំពុងធ្វើការដើម្បី “បន្សាប និងរុះរើ” បណ្តាញដែលខ្លួនបាននិយាយថា ប្រតិបត្តិការទាំងនៅក្នុងប្រទេសគុយបានិងរុស្ស៊ី។
លោក Cesar Rodriguez មន្ត្រីនៅក្រសួងមហាផ្ទៃគុយបាបាននិយាយកាលពីល្ងាចថ្ងៃទី៧ខែសីហា នៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា “យោងតាមលទ្ធផលនៃការស៊ើបអង្កេតរហូតមកដល់ពេលនេះមនុស្ស 17 នាក់ត្រូវបានចាប់ខ្លួន ក្នុងចំណោមពួកគេជាអ្នករៀបចំផ្ទៃក្នុងនៃសកម្មភាពទាំងនេះ” ។
លោក Rodriguez មិនបានបញ្ចេញឈ្មោះជនជាប់ចោទណាម្នាក់នោះទេ ប៉ុន្តែបាននិយាយថា មេដឹកនាំក្រុមនេះពឹងផ្អែកលើមនុស្សពីរនាក់ដែលរស់នៅក្នុងប្រទេស ដើម្បីជ្រើសរើសជនជាតិគុយបាឱ្យធ្វើការជាទាហានស៊ីឈ្នួលក្នុងជម្លោះនៅអ៊ុយក្រែន។
រដ្ឋអាជ្ញាលោក Jose Luis Reyes បាននិយាយថា អ្នកដែលពាក់ព័ន្ធក្នុងរឿងអាស្រូវអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ 30 ឆ្នាំ ទោសមួយជីវិត ឬទោសប្រហារជីវិតអាស្រ័យលើភាពធ្ងន់ធ្ងរនៃទោសកំហុស។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីឆ្នាំមុនបានចុះហត្ថលេខាលើក្រឹត្យមួយដែលអនុញ្ញាតឱ្យជនបរទេសចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ីដើម្បីទទួលបានសញ្ជាតិ តាមរយៈនីតិវិធីដ៏ឆាប់រហ័សមួយ។
គុយបានិយាយថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែនទេ ហើយប្រឆាំងនឹងការប្រើពលរដ្ឋខ្លួនជាទាហានស៊ីឈ្នួល៕ ដោយ៖ ធីរីណា
រូបថត៖ Reuters