ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការខេត្តកំពត ៖ អ្វីដែលយើងខ្ញុំកំពុងធ្វើគឺសំដៅទៅលើក្រុមបងតូចបងធំ ដែលប្រមូលផ្តុំនៅតាមទីសាធារណៈដែលអាចបង្កជាបញ្ហាផ្សេងៗតែប៉ុណ្ណោះ !

ចែករំលែក៖

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីម្សិលមិញបានបង្ហោះថា ៖ «ចាប់ពីយប់នេះតទៅ 07.09.23 ចាប់ពីម៉ោង 2 ទៀបភ្លឺក្រុមប្អូនៗដែលមិនចេះសម្រាន្តយប់ ( ក្មេងទំនើង ) និងត្រូវប្រមូលយកមកទុកអោយសម្រាកនៅអធិការដ្ឋាន ពេលព្រឹកឡើងបានអោយឪពុកម្តាយធានាយកទៅលំនៅឋានវិញ វិធានការនេះនិងអនុវត្តទាំង 09 ក្រុងស្រុក ។ 07.09.23» ។ ក្នុងន័យនេះ កុំអោយយល់ច្រឡំមានន័យថា លោកបិទសិទ្ធិសេរីភាព ទើបនៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោកបានបញ្ជាក់ថា៖ អ្វីដែលយើងខ្ញុំកំពុងធ្វើគឺសំដៅទៅលើក្រុមបងតូចបងធំដែលប្រមូលផ្តុំនៅតាមទីសាធារណៈដែលអាចបង្កជាបញ្ហាផ្សេងៗតែប៉ុណ្ណោះ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានថ្លែងថា៖ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនទាំងអស់ឡើងវិញ ពាក់ពន្ធ័ព័ត៌មានដែលខ្ញុំបានបង្ហោះកាលពីម្សិលមិញ ( ចាប់ពីម៉ោងពីរទៀបភ្លឺសមត្ថកិច្ចនឹងប្រមូលប្អូនៗដែលមិនចូលចិត្តសម្រាន្តនៅពេលយប់យកមកទុកនៅអធិការដ្ឋាន ) ។ ក្នុងការបង្ហោះនេះគឺមិនមានចេតនាក្នុងការបំបិទសិទ្ធិសេរីភាពរបស់បងប្អូនណាម្នាក់នោះទេ ! អ្វីដែលយើងខ្ញុំកំពុងធ្វើគឺសំដៅទៅលើក្រុមបងតូចបងធំ ដែលប្រមូលផ្តុំនៅតាមទីសាធារណៈដែលអាចបង្កជាបញ្ហាផ្សេងៗតែប៉ុណ្ណោះ ! ហើយការងារនេះក៏យើងខ្ញុំធ្លាប់បានអនុវត្តកន្លងរួចមកហើយផងដែរ តើធ្លាប់មាននរណាម្នាក់ដែលត្រូវបានកម្លាំងរបស់យើងយកទៅអធិការដ្ឋានដោយមិនមានមូលហេតុដែរឬទេ ! ខ្ញុំសូមបញ្ជាក់ជូនឡើងវិញ យើងខ្ញុំខិតខំទាំងយប់ទាំងថ្ងៃគឺដើម្បីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់ក្នុងសង្គមតែប៉ុណ្ណោះ សូមបងប្អូនកុំមានការយល់ច្រលំ ។ សង្ឃឹមថាបងប្អូននឹងយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចយើងខ្ញុំ ហើយខ្ញុំក៏សូមអធ្យាស្រ័យពីបងប្អូនដែលចូលចិត្តសិល្បៈសាក់លើដងខ្លួនផងដែរ ប្រសិនបើខ្ញុំនិយាយលើសលស់នូវប្រការណាមួយ ៕

ដោយ ៖ សិលា


ចែករំលែក៖