ភ្នំពេញ ៖ ទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីរដ្ឋលេខាធិការប្រចាំការ និង លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៃក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ជាអាទិ៍ ៖
ទី១-ការថ្លែងអំណរគុណដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងយុត្តិធម៌ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបានសមិទ្ធផលសំខាន់ៗដល់វិស័យយុត្តិធម៌នាពេលកន្លងមក, ។
ទី២-ការណែនាំអំពីការបែងចែកភារកិច្ច និងរបៀបរបបការងាររបស់ថ្នាក់ដឹកនាំ និងអង្គភាពនានាក្រោមឱវាទ នៃក្រសួងយុត្តិធម៌ សំដៅធ្វើឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងយុត្តិធម៌ កាន់តែមានប្រសិទ្ធភាព ប្រកបដោយភាពម្ចាស់ការ ភាពស្វាហាប់ និងរស់រវើក ព្រមទាំងធានាបាននូវសាមគ្គីភាពផ្ទៃក្នុង ។
និងទី៣-ការណែនាំអំពីការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌ និងការងារអាទិភាពរបស់ក្រសួងយុត្តិធម៌ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ដោយផ្អែកលើជាពិសេស យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងវិធានការជាអាទិភាពសម្រាប់វិស័យយុត្តិធម៌ដែលបានប្រកាសដាក់ចេញដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សហការី