ខេត្តកំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកែទម្រង់ជារឿងចាំបាច់បំផុត ហើយវាក៏ជារឿងលំបាកដែរ ដូច្នេះសម្តេចលើកឡើង៤ចំណុចដើម្បីធ្វើឱ្យកំណែទម្រង់អាចជោគជ័យទៅបាន ដែលត្រូវទាមទារឱ្យយើងអនុវត្តន៍ទាំងអស់គ្នា ដើម្បីពង្រឹងការប្រកួតប្រជែង ពង្រឹងប្រទេសជាតិយើង ពង្រឹងការងាររបស់យើង។ បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា មនោសញ្ចេតនា យើងពិតជាមានហើយ ប៉ុន្តែមនោសញ្ចេតនាបុគ្គល មិនគួរឱ្យប៉ះពាល់ដល់កិច្ចការរួមនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ចំនួនប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលស្ថិតនៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណែទម្រង់ត្រូវផ្តោតលើកត្តា៤សំខាន់ រួមមាន៖
ទី១- ត្រូវមានចក្ខុវិស័យច្បាស់លាស់ ផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ ហេតុផលច្បាស់លាស់។ យើងធ្វើកំណែទម្រង់នេះ គឺមានហេតុផលដើម្បីបង្កើនការប្រកួតប្រជែង និងប្រសិទ្ធភាពការងាររបស់ប្រទេសជាតិយើង ស្ថាប័នរដ្ឋរបស់យើងដើម្បីបម្រើប្រជាពលរដ្ឋ ដោយមានចក្ខុវិស័យវែងឆ្ងាយ។
ទី២- ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ គឺត្រូវចូលរួមធ្វើកំណែទម្រង់ទាំងអស់គ្នា ហ៊ានអារកាត់ទាំងអស់គ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ។ យើងត្រូវបង្ហាញឆន្ទៈខ្ពស់ក្នុងការប្តេជ្ញាចិត្តធ្វើ ហ៊ានអារកាត់ ហ៊ានវះកាត់ ហើយសំខាន់បំផុតហ៊ានអនុវត្តន៍គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ទី៣- ត្រូវមានការចូលរួមធ្វើទាំងអស់គ្នា ដោយសារការធ្វើកំណែទម្រង់នេះ មិនមានសម្រាប់តែសម្តេចនាយករដ្ឋមន្រ្តីទេ មិនអាចមានតែមន្រ្តីរដ្ឋាភិបាលទេ ក៏ត្រូវការប្រជាពលរដ្ឋទាំងអស់ចូលរួមផងដែរ។
ទី៤- ត្រូវមានការលះបង់ខ្ពស់ ដោយសាររាល់ការកែទម្រង់តែងតែមានការប៉ះពាល់ហើយ បើសិនជាយើងមិនលះបង់ទេ មិនចូលរួមទេ យើងមិនអាចជោគជ័យបានទេ ឬក៏ជោគជ័យដោយការលំបាកជាមិនខាន ហើយអ្នកដែលពិបាកនោះគឺយើងទាំងអស់គ្នានេះហើយ។
ពាក់ព័ន្ធកិច្ចប្រជុំអាស៊ានកន្លងទៅថ្មីៗនេះ នៅប្រទេសឥណ្ឌូនេសុី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារធំបីដែលសម្តេចបានធ្វើដើម្បីជាតិរួមមាន៖ ទី១ គឺការងារការទូត ក្នុងនាមជាប្រមុខរាជរដ្ឋាលកម្ពុជា ពិសេសក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ចំពោះពេលដែលមានកិច្ចប្រជុំកំពូលអាស៊ានដែលមានថ្នាក់ដឹកនាំអាស៊ានទាំងអស់ចូលរួម បូករួមប្រទេសមហាអំណាចផ្សេងៗទៀត ដើម្បីភ្ជាប់ទំនាក់ទំនង និងបន្តទំនាក់ទំនងការទូត ដោយស្មើមុខស្មើមាត់។ ទី២៖ ការជួបទ្វេភាគី ដើម្បីបញ្ជាក់នូវទំនាក់ទំនងជាមួយប្រទេសជិតខាង និងប្រទេសផ្សេងៗនៅលើពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងទី៣៖ គឺការងារសេដ្ឋកិច្ច ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគមកកម្ពុជា ដោយក្នុងនោះមានទាំងពីការជំរុញការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូនេស៉ី, កិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងសហគ្រាសធនតូច និងមធ្យមជាមួយហ្វីលីពីន និងជំរុញឱ្យការបង្កើតកូតា សម្រាប់ពលករខ្មែរទៅកូរ៉េខាងត្បូងជាដើម។
ក្រៅពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»។
សម្តេចមហាបវរធិបតីបានថ្លែងក្នុងពេលដែល សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣៕
ដោយ ៖ សិលា