នៅក្នុងកិច្ចប្រជុំ G20 ដែលបានចាប់ផ្តើមឈ្មោះប្រទេសដែលបាន ដាក់លើតុមុខកៅអីអង្គុយរបស់ប្រមុខប្រទេសនីមួយៗ ក្នុងនោះគេមិនឃើញប្រទេសឥណ្ឌាឡើយ ដោយជំនួសវិញប្រទេសបារ៉ាត “Bharat” នៅត្រង់មុខកន្លែងនាយករដ្ឋមន្ត្រីឥណ្ឌាអង្គុយ។ សកម្មភាពខាងលើទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការផ្លាស់ប្តូរឈ្មោះប្រទេសឥណ្ឌាទៅជាឈ្មោះ បារ៉ាតវិញ ។
ជាមួយគ្នានេះដែរ នៅក្នុងឡូហ្គោ នៃ G 20 មានឈ្មោះពីរ គឺឈ្មោះ Bharat សរសេរដោយភាសា ហិណ្ឌី (Hindi) និងឈ្មោះឥណ្ឌា សរសេរជាភាសាអង់គ្លេស ។ នេះជារឿងខុសប្លែក ដោយពេលកន្លងមក ស្លាកសញ្ញាផ្សេងៗសរសេរតែឈ្មោះឥណ្ឌាប៉ុណ្ណោះ។
ពាក់ព័ន្ធកិច្ចប្រជុំ G20 សហភាពអាហ្វ្រិក នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះទទួលបានកៅអីជាសមាជិកអចិន្ត្រៃយ៍ថ្មីជាផ្លូវការនៃក្រុមប្រទេស G20 តបតាមការអញ្ជើញពីនាយករដ្ឋមន្ត្រីឥណ្ឌា លោកណារិនដ្រា ម៉ូឌី។
ការពង្រីកសមាជិកថ្មីបន្ថែមនៃប្លុកមួយនេះ គឺជាជោគជ័យខាងការទូតគួរឱ្យកត់សម្គាល់មួយសម្រាប់លោក ម៉ូឌី ដែលនឹងត្រូវប្រឈមមុខនឹងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៤ ហើយបាននិងកំពុងប្រើប្រាស់សិទ្ធិជាប្រធានប្ដូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំនេះដើម្បីលើកមុខមាត់របស់លោកក្នុងនាមជា «រដ្ឋបុរសម្នាក់» នៅលើឆាកអន្តរជាតិ។
នៅមុនថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោក ម៉ូឌី បានទទួលស្វាគមន៍ប្រធានសហភាពអាហ្វ្រិកនិងជាប្រធានាធិបតីប្រទេសកូម៉ូរ៉ូស (Comoros) លោក អាហ្សាលី អាសស៊ូម៉ានី (Azali Assoumani) ជាមួយការអោបយ៉ាងកក់ក្ដៅ។ លោក ម៉ូឌី បានគូសបញ្ជាក់បន្ថែមនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូល G20 ដូច្នេះថា «ឥណ្ឌាបានលើកឡើងនូវសំណើផ្ដល់កៅអីជាសមាជិកអចិន្ត្រៃយ៍ G20 សម្រាប់សហភាពអាហ្វ្រិក…ដោយមានការយល់ព្រមពីអ្នករាល់គ្នា ខ្ញុំសូមអញ្ជើញសហភាពអាហ្វ្រិកអង្គុយលើកៅអីជាសមាជិកអចិន្ត្រៃយ៍ G20»។
សហភាពអាហ្វ្រិកដែលមានប្រទេសជាសមាជិកចំនួន៥៥ បច្ចុប្បន្នមានឋានៈដូចគ្នាទៅនឹងសហភាពអឺរ៉ុបដែរដែលកន្លងមកគឺជាប្លុក តែមួយគត់ដែលទទួលបានសមាជិកភាពពេញសិទ្ធិនៅក្នុង G20៕ ដោយ៖ ធីរីណា
រូបថត៖ AFP