ភ្នំពេញ៖ យុវតីជេីងខ្លាំង០២រូបក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីហិង្សា។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងមានការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខបានធ្វេីការស្រាវជ្រាវបង្រ្កាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅត្រង់ចំណុចមុខក្លឹបហ្កោលឡាញ ផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជាយុវតី០២រូប បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដេីម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣:១០នាទី ទៀបភ្លឺ នៅចំណុចមុខ ក្លឹបកម្សាន្តហ្គោលឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីហិង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យចំនួន ០៧នាក់បានធ្វើសកម្មភាពព្រួតគ្នា ប្រើដៃជើងវាយទាត់ធាក់, ចាប់បោចសក់នឹងចាប់បោកក្បាល និងយកស្បែកជើងវាយជនរងគ្រោះឈ្មោះ សេង ស្រីនិច ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យជនរងគ្រោះរបួស រួចក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូកង់បីគេចខ្លួនបាត់ បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះទទួលបានរូបភាពសកម្មភាពរបស់ក្រុមជនសង្ស័យ វាយទាត់ធាក់ជនរងគ្រោះដែលថតបានតាមទូរស័ព្ទដៃពីប្រជាពលរដ្ឋក្បែរកន្លែង កើតហេតុ រួចជនរងគ្រោះក៏ហៅម៉ូតូកង់បីជិះ ទៅព្យាបាលរបួសនៅគ្លីនិកឯកជន មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ ទើបនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ដដែល ជនរងគ្រោះបានយករូបភាព សកម្មភាពរបស់ក្រុមជនសង្ស័យ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ។
ក្រោយពីទទួលបណ្ដឹងរួច សមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ទទួលព័ត៌មានបានអំពីក្រុមជនសង្ស័យ ចុះទៅធ្វើការឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ ឈ្មោះ យឿង ចរិយា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ មាន ស្រីរ័ត្ន ភេទ ស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បាន នៅចំណុចបន្ទប់ជួល សង្កាត់ចោមចៅ៣ យកមកសាកសួរ ។
ជនសង្ស័យឈ្មោះ យឿង ចរិយា និងឈ្មោះ មាន ស្រីរ័ត្ន បាន សារភាពនូវសកម្មភាព ពិតជាបានចូលរួមធ្វើសកម្មភាពជាមួយបក្ខពួក វាយទាត់ធាក់ជនរងគ្រោះ បណ្តាលឲ្យរបួស នៅចំណុចមុខក្លឹបហ្គោលឡាញសង្កាត់ភ្នំពេញថ្មី កាលពីទៀបភ្លឺថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៣ ប្រាកដមែន ចំណែកបក្ខពួក ១.ឈ្មោះ ហៅ ហ្សា ២.ឈ្មោះ ហៅ ហ្សាតាំងតោ ៣.ឈ្មោះ ហៅ ទីន និង០២នាក់មិនស្គាល់ឈ្មោះកំពុងគេចខ្លួន ។
បច្ចុប្បន្នយុវតីទាំងពីរនាក់នេះ កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយចំណែកបក្សពួកកំពុងស្រាវជ្រាវតាមឃាត់ខ្លួនបន្តទៀត៕
ដោយ ៖ រ៉ារ៉ា