ខេត្តបាត់ដំបង៖ ក្រោយតម្លៃស្រូវបីបួនថ្ងៃចុងក្រោយនេះមានការប្រែប្រួលបន្តិចបន្តួចប៉ុន្តែកសិករនៅតែសល់ប្រាក់ចំណេញអាចទទួលយកបាន ហើយរំពឹងថាហាងឆេងនឹងល្អជាងនេះបន្តិចទៀត។
អ្នកស្រី សុង ស៊ីយា កសិកររស់នៅក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ចុងសប្តាហ៍នេះថា÷ រដូវបង្កបង្កើនផលឆ្នាំនេះលោកស្រីបានដាំដុះដំណាំស្រូវដូចរាល់ឆ្នាំមានចំនួន៦ហិកតា ជាប្រភេទស្រូវស្រាលនិងហុចផលបានច្រើនជាងឆ្នាំចាស់ ដោយក្នុងមួយហិកតាទទួលបានផលពី៥ ទៅ៦តោន ខណ:ឆ្នាំមុនៗបានត្រឹមតែ៤តោនប៉ុណ្ណោះ។
លោកស្រីបន្តថា÷ បើប្រៀបធៀបរវាងឆ្នាំកន្លងមករយ:ពេលដូចគ្នាតម្លៃស្រូវឆ្នាំនេះមានហាងឆេងខ្ពស់គួរសម ដែលជាក់ស្តែងប៉ុន្មានថ្ងៃមុននេះតម្លៃស្រូវបានហក់ឡើងរហូតក្នុងមួយតោនលក់បានតម្លៃ ១.៣១០.០០០រៀល ទៅ ១.៣២០.០០០រៀល ខណៈឆ្នាំ២០២២ ក្នុងមួយតោនលក់បានត្រឹមតែតម្លៃ ១.១៥០.០០០រៀល និងចុះដល់ ១.០៥០.០០០រៀលប៉ុណ្ណោះ។
ចំណែកលោក ណុប ហឿន កសិកររស់នៅក្នុងឃុំកំពង់ព្រៀងដូចគ្នាបានឲ្យដែរថា ឆ្នាំនេះលោកដាំដុះស្រូវលើដីចំនួន ១៥ហិកតា ជាស្រូវពូជស្រងែស្រាល ចំពោះទិន្នផលវិញបានប្រហាក់ប្រហែលគ្នានឹងឆ្នាំចាស់បាន០៥តោនក្នុងមួយហិកតា ហើយលក់បានថ្លៃគ្រាន់បើជាងឆ្នាំមុនបើទោះបីវាប្រែប្រួលតម្លៃទាបបន្តិចចុងក្រោយនេះក្នុងតម្លៃ ១.៣២០.០០០រៀលមកនៅត្រឹម ១.១៥០.០០០រៀលក្នុងមួយតោន តែយើងនៅអាចទទួលយកបាន ប៉ុន្តែសូមកុំចុះបន្ត។
ហើយពាក់ព័ន្ធតម្លៃស្រូវប្រែប្រួលនេះ ឯកឧត្តម ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជានាយកក្រុមហ៊ុនប៉ៃតងបានអះអាងប្រាប់ពលរដ្ឋជាកសិករ និងអាធ្ញាធរមូលដ្ឋានថា ចំពោះមុខនេះឯកឧត្តមធានាទទួលទិញស្រូវពីកសិករឲ្យបានលឿន នឹងធានាមិនឲ្យតម្លៃស្រូវធ្លាក់ទាបក្រោម ១.១៥០.០០០រៀលឡើយនៅក្នុងមួយតោន។
ជាមួយគ្នានេះ ប្រជាកសិករសូមថ្លែងអំណគុណទៅដល់រាជរដ្ឋាភិបាលថ្មីដែលលោកបានចាត់អោយក្រុមការងារទាំងអស់ចុះពង្រឹងដំណាំកសិកម្មទាំងអស់អោយមានតម្លៃឡើងវិញ ហើយសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់សូមអោយតម្លៃឡើងខ្ពស់ទៅលើបន្តិចទៀត ព្រោះការចំណាយទៅលើទីមួយជីថ្លៃ ទីពីរប្រេងថ្លៃ ទីបីពលកម្មថ្លៃ៕
ដោយ៖ ចន្ទ លីហ្សា