ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ ជនជាតិវៀតណាមចំនួន ៨នាក់ ដែលជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងបង្កការអុកឡុកតាមទីសាធារណៈនៅក្រុងព្រះសីហនុ ត្រូវបានកម្លាំងនគរបាលជំនាញក្រុង ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ឯកស្នងការនគរបាលខេត្ត បានថ្លែងបន្តថា កាលពីវេលាម៉ោង ០២រំលងអធ្រាត្រថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុច រង្វង់មូលតោ២ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាដោយចេតនា មួយកើតឡើង បង្កដោយជនសង្ស័យ១ក្រុម មានគ្នា៨នាក់ បានធ្វើសកម្មភាពយកដំបងទីបដែកវាយទៅលើជនរងគ្រោះ១ក្រុមទៀត បណ្តាលអោយរងរបួសដៃ ,ដងខ្លួន និងក្បាល។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិវៀតណាម យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។
ចំណែកសម្ភារវត្ថុតាងចាប់យកពីជនសង្ស័យបានរួមមាន៖ ទូរស័ព្ទដៃចំនួន ១១គ្រឿង ដំបងទីបដែកចន ០៣ដើម ដំបងរលាស់ ១ដើម ប៉ែលដងដែក ១ដើម ស្ព្រាយម្រេច ១កំប៉ុង និងរថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-2832។
បច្ចុប្បន្នករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងធ្វើការសួរនាំ៕
ដោយ៖ សហការី