ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចកម្ពុជាប្រគល់ជនសង្ស័យជាជនជាតិថៃ៤នាក់ឱ្យសមត្ថកិច្ចថៃចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃ៤នាក់ជាប់ចោទពីបទឆបោកតាមប្រព័ន្ធអនឡាញនិងឃាតកម្មលើពលរដ្ឋថៃមួយគ្រួសារនៅខេត្តសាមុតប្រកានត្រូវបាននគរបាលកម្ពុជាសហការជាមួយសមត្ថកិច្ចថៃឃាត់ខ្លួននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលកម្លាំងនគរបាលជាតិកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយនគរបាលភូមិន្ទថៃបើកប្រតិបត្តិការស្រាវជ្រាវរហូតដល់កំណត់បានមុខសញ្ញានិងឃាត់ខ្លួនជនជាតិថៃចំនួន០៤នាក់ដែលកំពុងសម្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឱ្យកើតមានអំពើឃាតកម្មលើពលរដ្ឋថៃមួយគ្រួសារនៅខេត្តសាមុតប្រកាន ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣និងមានមនុស្សស្លាប់ចំនួន០៣នាក់។

    ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ និងដោយមានការយកចិត្តទុកដាក់ខ្ពស់និងមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នាយកដ្ឋានកណ្តាលសន្តិសុខបានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ បានធ្វើការផ្លាស់ប្តូរព័ត៌មានជាមួយនគរបាលភូមិន្ទថៃ រហូតកំណត់បានមុខសញ្ញានិងឃាត់ខ្លួនជនជាតិថៃចំនួន០៤នាក់ដែលកំពុងរត់គេចនិងសម្ងំលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ក្រោយធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញបណ្តាលឱ្យជនរងគ្រោះជាជនជាតិថៃសម្លាប់គ្រួសាររបស់ខ្លួនឯង ដែលមានម្តាយនិងកូនពីរនាក់ រួចព្យាយាមធ្វើអត្តឃាតខ្លួនឯងតាមក្រោយ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយបានធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកនាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ និងគណៈប្រតិភូកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ខណៈកិច្ចពិភាក្សានេះបានផ្តោតសំខាន់ អំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជានឹងនគរបាលភូមិន្ទថៃឱ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត សំដៅសម្រេចឱ្យបាននូវលទ្ធផលធំៗក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។

   បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ក្រោយឃាត់ខ្លួនត្រូវបានប្រគល់ជូនសមត្ថកិច្ចថៃនាំយកទៅប្រទេសថៃដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖