ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដាក់ចេញនូវអនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការរៀបចំធ្វើជាវីដេអូឃ្លីបតូចៗពាក់ព័ន្ធនឹងច្បាប់ដែលមានជាធរមាន

ចែករំលែក៖

ភ្នំពេញ៖​ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមធ្វើបទបង្ហាញពីស្ដីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងមូលដ្ឋានគាំទ្ររបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ​ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ 

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានធ្វើការកោតសរសើរដល់អគ្គនាយកដ្ឋាន ក.ប.ប. ជាពិសេសឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ក.ប.ប. ដែលបានដឹកនាំការងារ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ បានយ៉ាងច្រើនសម្រាប់មន្រ្តីជំនាញអនុវត្តការងារប្រចាំថ្ងៃ ព្រមទាំងការកសាងនូវអគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូច នៅតាមបណ្ដារាជធានី ខេត្ត។ 

លោកស្រីរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ការរៀបចំធ្វើជាវីដេអូឃ្លីបតូចៗពាក់ព័ន្ធនឹងច្បាប់ដែលមានជាធរមាន ដើម្បីបញ្រ្ជាបដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ផងដែរ៕

ដោយ៖សហការី


ចែករំលែក៖