ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់នៅលីប៊ី ៖ នៅមានមនុស្សជិត១ម៉ឺននាក់បាត់ខ្លួននៅឡើយ

ចែករំលែក៖

មនុស្សប្រហែល ១មុឺននាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនដោយសារតែទឹកជំនន់នៅក្នុងប្រទេសលីប៊ី។ មន្ត្រី IFRC បានធ្វើអត្ថាធិប្បាយថា ចំនួនជនរងគ្រោះពិតប្រាកដអាចកើនឡើងច្រើនដង ដោយសារក្រុមការងារ IFRC នៅកន្លែងកើតហេតុ នៅតែវាយតម្លៃពីផលវិបាកនៃគ្រោះធម្មជាតិនេះ។
សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងមអឌ្ឍចន្ទក្រហម (IFRC) បាននិយាយកាលពីថ្ងៃទី ១២ ខែកញ្ញាថា ជនរងគ្រោះដោយទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅក្នុងទីក្រុង Derna នៃប្រទេសលីប៊ី អាចកើនឡើងយ៉ាងខ្លាំង នៅពេលដែលមនុស្សប្រហែល ១មុឺននាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។
ថ្លែងនៅទីក្រុងហ្សឺណែវ លោក Tamer Ramadan មន្ត្រីនៃ IFRC បានអត្ថាធិប្បាយថា ចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដអាចកើនឡើងច្រើនដង ដោយសារក្រុមការងារ IFRC នៅកន្លែងកើតហេតុ នៅតែវាយតម្លៃពីផលវិបាកនៃគ្រោះធម្មជាតិនេះ។
បើតាមលោក ស្ថានភាពបច្ចុប្បន្នបង្ខំរដ្ឋាភិបាលនៅភាគខាងកើតលីប៊ី សុំជំនួយជាបន្ទាន់ពីសហគមន៍អន្តរជាតិ។ លោកបានបន្ថែមថា IFRC កំពុងរៀបចំចេញសេចក្តីអំពាវនាវមួយសម្រាប់ការបរិច្ចាគដើម្បីជួយដល់ប្រទេសលីប៊ីក្នុងការយកឈ្នះលើផលវិបាកនៃទឹកជំនន់ដ៏បំផ្លិចបំផ្លាញនេះ។
អ្នកជំនាញបានពណ៌នាព្យុះស៊ីក្លូន Daniel ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ ខណៈដែលវាបានបោកបក់នៅផ្នែកខ្លះនៃប្រទេសប៊ុលហ្គារី ក្រិក និងទួរគីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថាជា “កម្រិតខ្លាំងនៃបរិមាណទឹកដែលបានធ្លាក់ចុះក្នុងរយៈពេល ២៤ ម៉ោង “។
កន្លងមកកាលពីថ្ងៃទី ១១ ខែកញ្ញា មន្ត្រីនៅភាគខាងកើតប្រទេសលីប៊ីបានប៉ាន់ប្រមាណថា មនុស្សយ៉ាងតិច ២.០០០ នាក់បានស្លាប់ដោយសារទឹកជំនន់ ប៉ុន្តែវាមិនច្បាស់ថាផ្អែកលើការប៉ាន់ស្មាននេះផ្អែកលើមូលដ្ឋានអ្វីនោះទេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖