ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះឡចំហុយឈើមួយកន្លែងនៅស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ឡចំហុយឈើមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញធ្វើអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ២៣និង២១នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលមិនមានមនុស្សចាំនៅ។

    លោកវរសេនីយ៍ត្រី សុីម ពីទូ នាយប៉ុស្តិ៍នគររដ្ឋបាលឈើទាល បានអោយដឹងថា ឡចំហុយឈើដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះមានម្ចាស់ឈ្មោះ គឹម អៀង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយខូចខាតរួមមាន៖ រោងសង់អំពីឈេីប្រក់ស័ង្កសីចំនួន០១ខ្នង, ឈេីស្វាយប្រហែល ១០គីប, ម៉ូទ័រផលិតធ្យូងអនាម័យចំនួន ០៤គ្រឿង។

    ជាមួយគ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចបានប្រេីប្រាស់ឡានទឹកចំនួន០៤គ្រឿងដើម្បីចុះជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយបន្ទាប់មកបើតាមការសន្និដ្ឋានរបស់ម្ចាស់ឡបានបញ្ជាក់ថាករណីនេះគឺអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖