ភ្នំពេញ ៖ ៣យប់ ៤ថ្ងៃ ២១ទីតាំង ៤ខេត្ត ពីកន្លែងដាំរហូតដល់ច្រកនាំចេញ បេសកម្មចុះតាមមូលដ្ឋាននាចុងសប្តាហ៍ ដឹកនាំដោយលោករដ្ឋមន្ត្រី នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងប៉ៃលិន ដើម្បីជួបនិងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ជាមួយកសិករ អ្នកបច្ចេកទេស អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្ម ម្ចាស់រោងចក្រ និងសហគមន៍ ត្រូវបានបញ្ចប់ប្រកបដោយលទ្ធផលនិងក្តីសង្ឃឹម។ ក្តីស្រមៃប្រែក្លាយតំបន់នេះឱ្យទៅជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជានឹងជួយធ្វើឱ្យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដោយមានការចូលរួមចំណែកដោយផ្ទាល់ពីកសិកម្មកម្ពុជាមួយដែល«ទំនើប មានភាពប្រកួតប្រជែង បរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តភាព»។ នេះជាបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា : ខ្មែរមានចំណូលមធ្យមបានលុះត្រាតែកសិករមានចំណូលមធ្យមដែរ ហើយយើងទាំងអស់គ្នាពិតជា«មិនចង់ឱ្យវិស័យកសិកម្មក្លាយទៅជាអម្រែករបស់កម្ពុជានោះទេ»។ យើងនៅសល់ការងារជាច្រើននៅក្នុងវិស័យកសិកម្មដែលត្រូវដោះស្រាយ និងសុទ្ធតែទាមទារពេលវេលា តែយើងក៏មិនមានពេលច្រើនមុនឆ្នាំ២០៣០មកដល់ដែរ។ «រាល់ដំណោះស្រាយបញ្ហា ត្រូវធ្វើឡើងដោយធានាឱ្យបានថាវានឹងមិនបង្កឱ្យមានបញ្ហាថ្មីកើតឡើង» នោះទើបយើងអាចដើរទៅមុខប្រកបដោយភាពស្វាហាប់ក្នុងល្បឿនលឿនបាន ហើយនេះគឺជាជម្រើសយុទ្ធសាស្ត្រដែលមានការទទួលខុសត្រូវនិង«មិនគ្រាន់តែយករួចខ្លួន» ក្នុងការឆ្លើយតបយូរអង្វែងទៅនឹងបញ្ហាប្រឈមនៅក្នុងវិស័យកសិកម្ម។
#ទាំងអស់គ្នាដើម្បីកសិកម្មកម្ពុជា ៕
ដោយ ៖ សហការី