ខេត្តកំពង់ស្ពឺ ៖ អនុប្រធានទី១នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣នេះ អញ្ជើញបើកលំហាត់ហ្វឹកហ្វឺន ប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្រប ខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើក ដំបូង នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ខេត្តកំពង់ស្ពឺ ។
នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា នៅក្នុងលំហាត់ហ្វឹកហ្វឹននេះ គឺកម្ពុជា ធ្វើជាសហប្រធានរៀបចំជាមួយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមពីកងទ័ពបណ្តាប្រទេសចំនួន១៤ ក្នុងតំបន់អាស៊ានបូក ចិន,អាមេរិក,អូស្ត្រាលី,ឥណ្ឌា,ជប៉ុន,សាធារណរដ្ឋកូរ៉េ និងសហព័ន្ធរុស្សី ។ លំហាត់ហ្វឹកហ្វឺននេះ មានការចូល រួមពីនាយរងសេនាធិការ សម្ព័ន្ធអង្គទ័ពលេខ៧៥ នៃកង ទ័ពរំដោះប្រជាជនចិនវរសេនីយ៍ឯកពិសេស យ៉ាង ប៊ីន ប៊ីន (Yang BinBin) រួមទាំងនាយទាហាន នាយ ទាហានរង ពលទាហាន សិក្ខាកាម យោធាចារ្យ ជាតិ -អន្តរជាតិ ផងដែរ ។ លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុ ជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ មានរយៈ ពេល១០ថ្ងៃ សិក្ខាកាមទាំងអស់ នឹងមានដំណើរទស្សន កិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍កំពុងមានសក្តានុពលនៅកម្ពុជា រួមទាំងធ្វើកិច្ចការមនុស្សធម៌ បន្ថែមលើការហ្វឹកហាត់នៅទីលាន។
អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា លំហាត់ហ្វឹកហ្វឺននេះបានធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្នែកយោធា ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាដោះមីនទំនើប និងការធ្វើនវានុវត្តន៍ដោះមីន និងការកម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយតាមរយៈ លំហាត់ហ្វឹកហ្វឺននេះនឹងរួមចំណែកមួយយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន នាឆ្នាំ២០២៥។
នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថាផងដែរថា គិតចាប់ពីការបង្កើតសាលា ហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុសាសន៍ខេត្តកំពុងស្ពឺនេះ កម្ពុជាធ្លាប់បានទទួលធ្វើជា ម្ចាស់ផ្ទះលើលំហាត់ហ្វឹកហ្វឺនពហុសាសន៍រួមមាន៖ លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពពហុជាតិ “ឆ្មាំអង្គរ” សរុបចំនួន៣លើក មានប្រទេសចូលរួមចំនួន៩ប្រទេស,រៀបចំវគ្គហ្វឹកហ្វឺន ទី បញ្ជាការ ដែលជាការឧបត្ថម្ភរបស់គម្រោង GPOI ចំនួន២៣ប្រទេសចូលរួម និងរៀបចំ ហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ និងកម្ទេចគ្រឿងផ្ទុះ ថ្នាក់អាស៊ាន និងតំបន់ ក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋបារាំងចំនួន៥វគ្គ មានប្រទេសចូលរួមសរុបចំនួន ១២ប្រទេស៕
ដោយ៖ សូរិយា