ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោក អុីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន។
ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អុីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣នេះ។
នៅក្នុងជំនួបសម្តែងការគួរសមនាពេលនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យដែលឯកអគ្គរាជទូតជប៉ុនមុនៗ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតបច្ចុប្បន្ន សម្រេចបានក្នុងការគាំទ្រ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ ហើយឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុននានា រហូតដល់ពេលបច្ចុប្បន្ន។ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងដែលកើតចេញពីបេះដូងនិងបេះដូង ដោយឈរលើគុណតម្លៃរួម ការគោរពគ្នាទៅវិញទៅមក ការជឿជាក់ និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ជាងនេះទៅទៀត នាឱកាសនៃការអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន បានតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការឈានដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាពិតជាមានមោទកភាព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម ដែលបានមកពីការរួមចំណែកនៃវិនិយោគជប៉ុន លើវិស័យសំខាន់ៗជាច្រើន រួមមានវិស័យធនាគារ ការផ្ទេរបច្ចេកវិទ្យា អេឡិចត្រូនិចនិងរថយន្ត និងការបង្កើតឱកាសការងារ ដោយបានជួយរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រមទាំងជួយឱ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន។
លោក អុីណូ អាត់ស៊ុស៊ី បានសម្តែងនូវការអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភាក្នុងនីតិកាលថ្មីនេះ។ សម្តេចរដ្ឋសភាធិបតី ជាស្រ្តីកម្ពុជាដំបូង ដែលទទួលបានតួនាទីដ៏ខ្ពង់ខ្ពស់ និងពិតជាមានសារសំខាន់ ក្នុងការបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀតក្នុងការបម្រើប្រទេសជាតិនិងប្រជាជនទៅថ្ងៃអនាគត។
ឆ្លើយតបសំណូមពររបស់សម្តេចរដ្ឋសភាធិបតី លោក អុីណូ អាត់ស៊ុស៊ី បានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតនៅកម្ពុជាឱ្យទទួលបានជោគជ័យ ជាពិសេសជំរុញលើកកម្ពស់ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកាន់តែកើនឡើង លើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន និងបានសន្យាបន្តជួយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្រ្តីរាជការកម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុន ជួយបណ្តុះបណ្តាលជំនាញដល់ពលករខ្មែរ ដែលធ្វើការនៅប្រទេសជប៉ុន និងជួយកសាងអភិវឌ្ឍន៍ធនធានមនុស្ស រួមមានការលើកកម្ពស់សមត្ថភាពតំណាងរាស្រ្តវ័យក្មេង និងមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាដើម។
ជប៉ុន គឺជាប្រទេសដែលបានរួមចំណែកដ៏សំខាន់ក្នុងការស្វែងរកសន្តិភាព និងការស្តារអភិវឌ្ឍន៍កម្ពុជា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ប្រាប់លោក អុីណូ អាត់ស៊ុស៊ី ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវការរួមចំណែក និងវិភាគទានដ៏សំខាន់នេះឡើយ៕
ដោយ ៖ សហការី