ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំបាឋកថាមួយ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និង ភូមិសាស្ត្រសេដ្ឋកិច្ច» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការ ក្រសួងព័ត៌មាន។
បាឋកថានេះបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងបន្ថែមជូនដល់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន តំណាងអង្គទូត ប្រចាំនៅកម្ពុជាមួយចំនួន អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន និងនិស្សិតថ្នាក់បណ្ឌិតនៃរាជបណ្ឌិតសភា លើប្រធានបទដ៏ មានសារៈសំខាន់និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងនៅក្នុងថ្នាក់តំបន់និងអន្តរជាតិមួយនេះ ស្របនឹងកាលៈទេសដែល កម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងទស្សនកិច្ចរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខដែរ។ ទន្ទឹមនឹងនេះដែរក្នុងក្របខណ្ឌក្រសួងព័ត៌មាន កម្មវិធី បាឋកថានាឱកាសនេះ គឺជាធាតុចូលមួយយ៉ាងសំខាន់ គាំទ្រដល់ការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួងព័ត៌មានដោយផ្តោតសំខាន់ លើការពង្រីកចំណេះដឹង និងការពង្រឹងសមត្ថភាពធនធានមនុស្ស។
ប្រធានបទនៃបាឋកថានាពេលនេះ មានសារៈសំខាន់ណាស់ដោយបានផ្ដោតលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership: RCEP) ហៅកាត់ជាភាសាអង់គ្លេសថា “អសិប« បង្កើតឡើងដើម្បីឱ្យមានភាពងាយស្រួល និងមានភាពទូលំទូលាយ ក្នុងការនាំចេញផលិតផល ទំនិញ និងសេវាកម្មរបស់ប្រទេស ជាសមាជិកទៅកាន់តំបន់ផ្សេងទៀត។ ប្រទេសជាសមាជិករបស់អាសិបរួមមានប្រទេសទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអូស្ត្រាលី។
លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានធ្វើការអត្ថាធិប្បាយថា៖ “កិច្ចព្រមព្រៀងអសិប-
RCEP នេះគឺជា កិច្ចព្រមព្រៀងដ៏សំខាន់មួយបន្ទាប់ពី -កិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក (World Trade Agreement: WTA)។ និងមានវិសាលភាពពាណិជ្ជកម្មធំបំផុតក្នុងតំបន់អាស៊ាន។ សម្រាប់កម្ពុជាកិច្ចព្រមព្រៀងនេះ មានសក្តានុពលក្លាយទៅ ជាប្រភពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត។»
កិច្ចព្រមព្រៀងនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា និងក្នុងតំបន់។ លើសពីនេះ “អសិប-RCEP ក៏ជាកាតាលឹករមួយផងដែរ ក្នុងការចូលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជននៅកម្ពុជា និងក្នុងតំបន់។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងមតិស្វាគមន៍ បានលើកឡើងពីសារៈសំខាន់របស់កិច្ចព្រមព្រៀងនេះដល់ សេដ្ឋកិច្ចកម្ពុជា និងតួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយពីប្រធាននេះ។ លោករដ្ឋមន្ត្រី បានលើកឡើងថា៖ -កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាយើង ដែលសាធារណជនទូទៅ ជាពិសេស ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្ត្រក្នុង ការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។
ទន្ទឹមគ្នានេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច គឺជាកត្តាដ៏សំខាន់ដើម្បីធានាថាកិច្ចព្រមព្រៀងនេះ ដំណើរការ ទៅដោយរលូន និងផ្ដល់ផលប្រយោជន៍វិជ្ជមានដល់ប្រទេសសមាជិក។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាស៊ានបន្តកិច្ចសហប្រតិបត្តិការឱ្យបានស្អិតរមួត ដើម្បី ពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌ “អសិប-RCEP> នេះផ្ទាល់។ ក្នុងន័យនេះ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយប្រកបដោយបរិយាប័ន្ន។
តាមរយៈបាឋកថានេះ អ្នកចូលរួមសរុបប្រមាណ ១៧៥នាក់នៅទីតាំងផ្ទាល់ និងមានការផ្សាយផ្ទាល់ពីបណ្តាញផ្សព្វផ្សាយសង្គម របស់ប្រព័ន្ធផ្សព្វផ្សាយក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមរបស់ប្រព័ន្ធផ្សព្វផ្សាយឯកជននានា ចំនួន២១អង្គភាព បាន ស្វែងយល់អំពីដំណើរដើមទងនៃកិច្ចព្រមព្រៀង «អសិប-RCEP តួនាទីរបស់ប្រទេសអភិវឌ្ឍន៍នានាលើកិច្ចព្រមព្រៀងដ៏ធំហើយ សំខាន់នៅទូទាំងអាស៊ាននេះ និងកិច្ចព្រមព្រៀងដៃគូប្រកួតប្រជែងរបស់ “អសិប-RCEP» ។
លោកសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា មានចំណាប់អារម្មណ៍ថា “អសិប-RCEP» គឺជាប្រធានបទ ស៊ីជម្រៅខ្លាំងនិងមានវិសាលភាពធំ ដែលទាមទារការស្រាវជ្រាវរយៈពេលវែង ដើម្បីអាចធ្វើការពន្យល់ឱ្យបានក្បោះក្បាយហើយ ងាយយល់។ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានសម្តែងនូវភាពរីករាយនឹងការសម្រាយពន្យល់ជូនអ្នកចូលរួម ជាពិសេសអ្នកសារព័ត៌មាននាព្រឹកនេះ ព្រោះអ្នកសារព័ត៌មានចាំបាច់ត្រូវមានចំណេះដឹងពីប្រធានបទនេះ ដើម្បីមានលទ្ធភាព រៀបរៀងខ្លឹមសារព័ត៌មានត្រឹមត្រូវហើយងាយយល់ជូនសាធារណជន និងជាពិសេសផ្សព្វផ្សាយទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ក្នុង គោលដៅទាក់ទាញការវិនិយោគនានាមកក្នុងប្រទេសយើង។
បាឋកថានាពេលនេះ បានបើកឱកាសដល់អ្នកសារព័ត៌មាន តំណាងអង្គទូត និស្សិតទាំងអស់ ក្នុងការស្វែងយល់និងបង្កើន ចំណេះដឹងស្តីពីប្រធានបទដ៏មានសារៈសំខាន់មួយនេះ ដើម្បីជាមូលដ្ឋានដល់ការសរសេរពន្យល់ និងផ្សព្វផ្សាយបន្តឱ្យបានដល់ សាធារណជនទូទៅ រួមមាន ពាណិជ្ជករ អ្នកវិនិយោគ អាជីវកវ និងក្រុមអ្នកប្រកបធុរៈកិច្ចទាំងក្នុងនិងក្រៅស្រុក។
លោក នេត្រ ភក្រ្ត ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា សូមបន្តខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស និងចំណេះដឹង ទូទៅ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងបង្កើនជំនឿទុកចិត្តដល់សាធារណជន ដើម្បីឱ្យសក្តិសមទៅនឹងកិត្តិនាម «វិស័យសារព័ត៌មាន គឺអំណាចទី៤ របស់រដ្ឋ ។
បាឋកថារយៈពេល៣ម៉ោងនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្វាហាប់ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើបទអត្ថាធិប្បាយ និងការចូលរួមសួរសំណួរយ៉ាងផុសផុលពីអ្នកចូលរួម។ សម្រាប់ទៅថ្ងៃអនាគត កម្ពុជានឹងបន្តដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ស្របតាមភាពជាដៃគូសហការជាមួយប្រទេសទាំងអស់ក្នុងតំបន់ ដើម្បីជាផ្នែកមួយនាំឱ្យកម្ពុជាប្រែក្លាយខ្លួនទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ៕
ដោយ ៖ សិលា
‘