ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារ អំពៅ និងខណ្ឌចំការមន គ្រោងនិងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ខាងមុខនេះ ។
នេះបើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាននេះ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គ្រោងនិងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ ខាងមុខនេះ ។ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនិងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេច ជាអធិបតីភាព ក្នុងពិធីដាក់ឲ្យធ្វើរាចរណ៍លើស្ពាននេះជាបណ្តោះអាសន្នអបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ ។
លោកបន្តថា ការបើកឱ្យដំណើរការធ្វើបរាចរណ៍នៅស្ពានខាងលើនេះ វានឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស។
លោកឃួង ស្រេង បានបញ្ជាក់ថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀតនៅចំណុចព្រែកប្រាឆ្លងទៅផ្លូវ៦០ម៉ែត្រឆ្ពោះទៅ តំបន់អភិវឌ្ឍន៍ជើងឯក បន្តទៅផ្លូវលេខ២១៧ ប៉ុន្តែគម្រោងនេះ យើងកំពុងតែសិក្សា ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឡើយទេ។ តែជាជំហានដែលត្រូវអនុវត្ត យើងនិងរុះរើស្ពានបាឡេនៅខណ្ឌឬកែវ មកធ្វើស្ពាន នៅចំណុចព្រែកប្រាខាងលើនេះ ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយការកកស្ទះ។
តំណាងក្រុមហ៊ុន OCIC ដែលទទួលការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ខាងលើនេះ បានបញ្ជាក់អោយដឹងថា ៖ ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចប្រមាណ៩៣%ហេីយ ដោយគ្រោងនឹងបញ្ចប់ នៅមុនព្រះរាជពិធីបុណ្យអ៊ុំទូកខាងមុខនេះ។
គួរបញ្ជាក់ថា៖ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានត្រូវប្រើពេល៣៥ខែដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះភាពចាំបាច់របស់ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្នបង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះជាសាលារាជធានីភ្នំពេញដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរជាប់ការដ្ឋានស្ពានកោះនរាឆ្ពោះទៅកោះពេជ្ររហូតដល់ទៅ៤គ្រឿងយ៉ាងណាក្តី ក៏នៅតែកកស្ទះដដែល៕
ដោយ ៖ សំរិត