ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនក្រោយធ្វើសកម្មភាពជាក់ស្តែងលួចម៉ូតូម៉ាក HONDA Beat នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទី នៅត្រង់ចំណុចក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ធី ស្រីនីត ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ វ៉ាន់ឌី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មានទីលំនៅ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។
*សម្ភារៈបាត់បង់ :
-ម៉ូតូ០១គ្រឿង ម៉ាកHONDA BEAT ពណ៌ខៀវ ពាក់ស្លាកលេខ រតនគិរី ១S -៩៣១១ ។
*វត្ថុតាងដកហូត :
– ម៉ូតូ០១គ្រឿង ម៉ាកHONDA TODAY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១GU-៥៤៣៥ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូម៉ាកHONDA BEAT មកពីផ្សារ រួចហើយបានយកទៅបញ្ឈរទុកនៅក្បែរបន្ទប់ជួលដោយបានចាក់សោត្រឹមត្រូវ នៅចំណុចក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពេលទុកម៉ូតូរួចហើយក៏ឡើងទៅជាន់លើបាត់ទៅ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យ០២នាក់បានមកធ្វើសកម្មភាពលួចកាច់កម៉ូតូនោះយកទៅបានសម្រេចរួចគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ទើបជនរងបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។ ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះហើយកម្លាំងជំនាញខណ្ឌនិងប៉ុស្ដិ៍បានបើកការស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ វ៉ាន់ឌី រួមទាំងវត្ថុតាងដែលជាមធ្យោបាយធ្វើសកម្មភាពនៅត្រង់ចំណុចក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០ នាទី យកមកប៉ុស្ដិ៍ច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌប៉ុស្ដិ៍កំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀតដែលបានរត់គេចខ្លួនដើម្បីចាត់ការតាមនីតិវិធីបន្ត៕
ដោយ ៖ ជីណា