ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ទោះបីថ្នាក់ដឹកនាំរូបណាក៏ដោយ ក៏ប្រកាន់ជំហរគិតគូរផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋជាសំខាន់ដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាពមានតម្លៃខ្លាំងណាស់មិនអាចកាត់ថ្លៃបាន ប្រសិនបើប្រទេសជាតិមានសង្រ្គាម អ្វីៗទាំងអស់នឹងត្រូវបំផ្លាញចោល ហើយ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានមតិមួយចំនួនលើកឡើងថា យើងនិយាយពីកត្តាសន្តិភាពដដែលៗ។ ប៉ុន្តែបើគ្មានសន្តិភាពនោះទេ យើងក៏គ្មានការងារធ្វើនៅតាមរោងចក្រដែរ ប្រទេសជាតិយើងក៏មិនអាចកសាងសមិទ្ធផលនានាបាននោះដែរ ព្រោះវានឹងត្រូវបានបំផ្លាញវិញដោយសារសង្រ្គាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា ប្រសិនបើប្រទេសជាតិមានសង្រ្គាមហើយតួយ៉ាងនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន ប្រជាជននឹងត្រូវចូលបម្រើក្នុងវិស័យយោធា ចូលធ្វើទាហាន បែកបាក់គ្រួសារ ដែលចំណុចទាំងអស់នេះ ប្រទេសកម្ពុជាយើងធ្លាប់បានឆ្លងកាត់រួចមកហើយកាលពីអតីតកាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា កម្ពុជា បន្តអនុវត្តនយោបាយ និងប្រកាន់ជំហរចិនមួយសម្រាប់ក្របខ័ណ្ឌទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន គឺមិនខុសនោះទេ។ សម្ដេចធិបតី បញ្ជាក់ថា កម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសកាន់តែច្រើនកាន់តែល្អសម្រាប់កម្ពុជា ៕
ដោយ ៖ សិលា