ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំលើក៤៥ របស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកបដោយជោគជ័យរួចមក នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: វិលត្រឡប់មកមាតុប្រទេសវិញ ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីមោទន:ពីសំណាក់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងថ្នាក់នាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូប។
សូមបញ្ជាក់ជូនថា តាមរយៈកិច្ចប្រជុំគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នេះ កម្ពុជាក្នុងនាមជារដ្ឋភាគីបានទទួលលទ្ធផលធំៗចំនួន២ :
គឺ ១. ការពិនិត្យអនុម័តលើរបាយការណ៍សមិទ្ធផលនៃកិច្ចអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាសាទសំបូព្រៃគុក ។
២. ការអនុម័ត ចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧ ៕
ដោយ ៖ សហការី